(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេចបាននៅឆ្នាំ២០២៣កន្លងទៅ និងគោរពដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៦ ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានណែនាំ និងតម្រង់ទិសដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្ដែងនូវការដឹងគុណផងដែរ ដល់សម្ដេចក្រឡាហោម ស ខេង និងនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ក្នុងការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ឆ្នាំ២០២៣ ទទួលបាន លទ្ធផលគួរជាទីមោទនៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ផ្អែកតាមរបាយការណ៍ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្តី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះសមទ្ធិផលការងារដែល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេចបាននៅឆ្នាំ២០២៣កន្លងទៅ និងសូមសម្ដែងនូវការគោរពដឹងគុណចំពោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានណែនាំ និងតម្រង់ទិសដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក»

បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានសូមថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គម ស៊ីវិលជាតិនិងអន្តរជាតិ វិស័យសាសនា វិស័យឯកជននិងសប្បុរសជនទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញ តួនាទី ភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រហូត សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈក្នុងឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា សមទ្ធិផលដ៏សំខាន់មួយ ដែលយើងសម្រេចបានគឺ កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ នៃអង្គការ FATF ក្នុងករណីការប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន៕