(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញការគាំទ្រចំពោះ អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈនៅកម្ពុជា។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «បន្ទាប់ពីបានឃើញ អ្នកឧកញ៉ា​ ឡេងណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ»

សម្តេចបានរំលឹកថា កន្លងមកក៏ដូចជាបច្ចុប្បន្នសម្តេចក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនី ដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផ្ទាល់។ សម្តេចបានបញ្ជាក់ថា «ដោយគិតថាបញ្ហាថវិកាទ្រទ្រង់សមាគម ដើម្បីជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហាប្រឈមធំ។ ដូចនេះប្រសិនបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ជាប្រធានសមាគម យើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង»។

ទោះជាយ៉ាងនេះក្តី សម្តេចប្រកាស មិនជ្រៀតជ្រែតលើការបោះឆ្នោតរើសប្រធានសមាគមទេ តែដោយសារកម្ពុជាត្រូវការសិល្បៈដែលមានការសាមគ្គីភាព និងរីកចម្រើនទៅមុខ ទើបសម្តេចផ្តល់ការគាំទ្របែបនេះ៕