(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួល និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន បានដឹកនាំបើកកិច្ចប្រជុំស្តីពីគម្រោងការបំពាក់ស្ថានីយជញ្ជីងថ្មីមួយកន្លែង នៅលើផ្លូវជាតិលេខ៣១។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ តាមសំណើរបស់នាយកគ្រប់គ្រងគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និងអ្នកតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ដែលជាភាគីអនុវត្តគម្រោង។

គម្រោងក្នុងការរៀបចំបំពាក់ស្ថានីយជញ្ជីងថ្មី នៅលើផ្លូវជាតិលេខ៣១នេះ គឺធ្វើឡើងក្នុងបំណងដើម្បីរក្សាការពារផ្លូវថ្នល់ ដែលនឹងសាងសង់រួចរាល់នាពេលខាងមុខ សំដៅទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាហេតុធ្វើឱ្យផ្លូវថ្នល់ងាយរងការខូចខាតមុនអាយុកាលកំណត់។ អង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរយ៉ាងផុលផុស ដោយភាគីក្រុមហ៊ុន CRBC ដែលជាអ្នកអនុវត្តគម្រោង បានយល់ព្រមតាមការស្នើសុំរបស់ក្រសួង ដែលជាភាគីម្ចាស់គម្រោងក្នុងការរៀបចំបំពាក់ស្ថានីយជញ្ជីងថ្មី នៅលើផ្លូវជាតិលេខ៣១ បន្ទាប់ពីបញ្ចប់ការសាងសង់៕