(កាតា)៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម នៃរដ្ឋកាតា នឹងបញ្ជូនអ្នកវិនិយោគរបស់ខ្លួនមកកម្ពុជា ដើម្បីសិក្សាឱកាសវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជាដូចជា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការផលិតម្ហូបអាហារ ឧស្សាហកម្មឈើខ្លឹមចន្ទន៍ និងផ្សេងៗទៀតក្នុងការនាំចេញទៅទីផ្សារកាតា ខណៈកម្ពុជា ជាប្រទេសដែលសម្បូរ ទៅដោយវត្ថុធាតុដើម និងកម្លាំងពលកម្មទាប។

ភាគីកាតា បានលើកឡើងយ៉ាងដូច្នេះ ក្រោយមានការស្នើសុំពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក Mohamed Bin Ahmed Twar Al Kuwari អនុប្រធានទី១ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម នៃរដ្ឋកាតា កាលពីសប្ដាហ៍កន្លងទៅ នៅទីក្រុងដូហា ប្រទេសកាតា។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបនូវចំណុចសំខាន់ៗរបស់កម្ពុជា ដូចជាការផលិតស្រូវដែលលើសពី ៧លានតោនក្នុងមួយឆ្នាំៗ និងគ្រាប់ស្វាយចន្ទីអាចផលិតបាន១លានតោន និងមានគុណភាពខ្ពស់លើពិភពលោក ហើយឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ឧស្សាហកម្ម​ហាឡាល​ នៅកម្ពុជា ក៏មាន​ការ​អភិវឌ្ឍ​ផងដែរ។

ប៉ុន្តែជុំវិញការវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កម្ពុជានៅមានបញ្ហាខ្វះខាតនៅឡើយ ដូច្នេះលោកទេសរដ្ឋមន្ត្រី បានស្នើភាគីកាតា ជួយផ្សព្វផ្សាយ និងកៀរគរ អ្នកវិនិយោគកាតា មកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាសម្បូរវត្ថុធាតុដើមដែលមានគុណភាព មានតម្លៃពលកម្មទាប ហើយរដ្ឋាភិបាលកម្ពុជាមានច្បាប់អនុគ្រោះជាច្រើន សម្រាប់អ្នកវិនិយោគបរទេស ដែលជាឱកាសសម្រាប់វិនិយោគិនមក ធ្វើការវិនិយោគលើ វិស័យសំខាន់ៗ មានដូចជា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការផលិតម្ហូបអាហារ ឧស្សាហកម្មឈើខ្លឹមចន្នន៍ និងផ្សេងៗទៀត។

ជាការឆ្លើយតប ភាគីកាតា បានលើកឡើងថា រដ្ឋកាតាមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយបានកត់សម្គាល់ពីសារៈសំខាន់ នៃការបង្កើនការវិនិយោគរបស់កាតា ក្នុងវិស័យផ្សេងៗខាងលើ ហើយបានសន្យាថា នឹងមានការរៀបចំទស្សនកិច្ច អ្នកវិនិយោគកាតា មកកម្ពុជា  ដើម្បីពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗខាងលើ ដើម្បីនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។

ជាចុងបញ្ចប់ភាគីកាតា បានបញ្ជាក់ថា ទីផ្សារកាតាស្វាគមន៍ផលិតផលកម្ពុជា ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដោយចង្អុលបង្ហាញថា សភាពាណិជ្ជកម្មនឹងលើកកម្ពស់ឱកាសវិនិយោគ ដែលមាននៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមសហគមន៍ធុរកិច្ចកាតា ដើម្បីជំរុញអ្នកវិនិយោគកាតា ឲ្យមកបណ្តាក់ទុននៅកម្ពុជា៕