(កំពង់ធំ)៖ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានណែនាំដល់ប្រធានអង្គភាពទាំងអស់ត្រូវរៀបចំធ្វើផែនការឱ្យបានច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់អង្គភាព។

លោក ចាន់ តារា បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីប្រធានអង្គភាពមន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុកទាំង៩ ផងដែរ។

លោកបន្តថា ការធ្វើផែនការអភិវឌ្ឍ ៥ឆ្នាំ ជាឯកសារដែលរៀបចំឡើងដោយមានការប្រមូលផ្ដុំធាតុចូលពីគ្រប់ស្ថាប័នអង្គភាព និងអ្នកពាក់ព័ន្ធក្នុងគោលបំណងស្វែងយល់រួមគ្នាពីរសក្តានុពលធនធាន បញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយនានាដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍ និងក្របខ័ណ្ឌវិនិយោគសម្រាប់អាណត្តិ ៥ឆ្នាំ របស់ក្រុមប្រឹក្សាហើយឯកសារនេះត្រូវបានយកទៅប្រើប្រាស់សម្រាប់រៀបចំសកម្មភាព និងថវិកាប្រចាំឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។

លោកបានបញ្ជាក់ថា អស់លោក លោកស្រីដែលជាតំណាងស្ថាប័នអង្គភាពជំនាញជាពិសេសក្រុង ស្រុក ដែលធ្វើការងារផ្ទាល់ជាមួយឃុំ សង្កាត់ និងប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ពិនិត្យពិចារណាអោយបានច្បាស់លាស់ក្នុងការវិភាគពីស្ថានភាពបច្ចុប្បន្ន កំណត់បញ្ហា និងតម្រូវការអាទិភាពដើម្បីជាធាតុចូលក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។

លោកបានបន្ថែមទៀតថា ការធ្វើផែនការនេះមិនមែនអ្នកធ្វើផែនការអង្គុយគិត សរសេរតែម្នាក់ឯងនោះទេត្រូវប្រឹក្សាឆ្លងយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីឱ្យផែនការរបស់ខ្លួនបានល្អប្រសើរក្នុងការឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់អង្គភាពព្រោះថាប្រធានអង្គភាពជាអ្នកទទួលខុសត្រូវ។

លោកសង្ឃឹមថាលោកលោកស្រីខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំផែនការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីឈានទៅការអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងកម្រិតគុណភាពអាចទទួលយកបាន៕