(កាតា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ស្នើប្រទេសកាតា ជួយបណ្តុះបណ្តាល និងផ្តល់ជាបច្ចេកទេស លើផ្នែកគ្រប់គ្រងថវិកាហ្សាកាត់ (បរិច្ចាគ) នៅកម្ពុជា តាមច្បាប់សាសនាឥស្លាម ខណៈសហគមន៍ឥស្លាមកម្ពុជា កំពុងមានការខ្វះខាតលើបញ្ហានេះ។

ការស្នើសុំនេះ ត្រូវបានធ្វើឡើង នាឱកាសលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយ លោក Ahmad bin Sultan Al-Mesaifri  ជំនួយការប្រធាននាយកដ្ឋានកិច្ចការបរិច្ចាក នៃក្រសួងគរុភ័ណ្ឌ(Awqf) និងកិច្ចការឥស្លាម នៃរដ្ឋកាតា កាលពីសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងដូហា ប្រទេសកាតា។

លោកបានជម្រាបអំពីស្ថានភាពមួយចំនួននៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមិនមានការរើសអើងពូជសាសន៍ឡើយ។

ជាមួយគ្នានេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជានៅមានភាពកង្វះខាត ក្នុងការគ្រប់គ្រងថវិកាបរិច្ចាគ និងគរុភ័ណ្ឌឥស្លាមផ្សេងៗទៀត ដូច្នេះលោកបានស្នើឲ្យកាតា ផ្តល់ជាទស្សនៈ បទពិសោធន៍ និងច្បាប់ផ្សេងៗដល់កម្ពុជា ដើម្បីរៀបចំបង្កើតមូនិធិ សម្រាប់គ្រប់គ្រងលើបញ្ហានេះ។

លោកបានលើកឡើងអំពីសិស្សនិស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យ Fatoni នៃប្រទេសថៃ ចំនួន២០០នាក់ ដែលមានជីវភាពខ្វះខាត ដោយពួកគាត់បានបញ្ចប់ការសិក្សាហើយ ប៉ុន្តែគ្មានសញ្ញាបត្រ ដោយសារតែគ្មានថវិកាបង់ឲ្យសាលា។ ចំណែកទាក់ទងនឹងបញ្ហានេះ ភាគីកាតាបានផ្តល់ជាយោបល់ ឲ្យសរសេរជាលិខិតស្នើសុំទៅកាន់ រដ្ឋមន្ត្រីគរុភ័ណ្ឌ (Awqf) និងកិច្ចការឥស្លាម ដើម្បីពិនិត្យលទ្ធភាពជួយ ក្នុងបង់ថ្លៃសាលារៀនជូន។

ជាការឆ្លើយតប លោក Ahmad bin Sultan Al-Mesaifri បានសម្តែងនូវអារម្មណ៍រីករាយ និងគាំទ្រជាខ្លាំង ដែលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើប្រជាពលរដ្ឋទូទៅដោយមិនមានការរើសអើង ហើយលោកបានជម្រាបថា នៅក្នុងនាយកដ្ឋានកិច្ចការហ្សាកាត់ (បរិច្ចាគ) មានផ្នែកជាច្រើន មានដូចជាផ្នែកបរិច្ចាក ផ្នែករៀបចំគម្រោង ផ្នែកគរុភ័ណ្ឌ និងផ្នែកផ្សេងៗទៀត ដូច្នេះក្នុងករណីកម្ពុជា ត្រូវការបទពិសោធន៍ផ្សេងៗ គឺកាតាបានត្រៀមលក្ខណៈជានិច្ច ក្នុងការជួយសម្រួល និងសហការជុំវិញការគ្រប់គ្រងថវិកាបរិច្ចាក ដូចជាផ្តល់បទពិសោធន៍ ការបណ្តុះបណ្តាល និងច្បាប់ផ្សេងៗ ដល់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ចំពោះនីតិវិធី ដើម្បីទទួលបានថវិកាបរិច្ចាកពីនាយកដ្ឋានខាងលើ គឺត្រូវបំពេញទម្រង់បែបបទស្នើសុំជាទូទៅ ត្រូវធ្វើតាមរយៈគេហទំព័រវេបសាយផ្លូវការ របស់នាយកដ្ឋាន (Department of Zakat Affairs) ដែលជាលក្ខខណ្ឌ បន្ទាប់ពីទទួលបានព័ត៌មានហើយ គេនឹងជូនដំណឹងអ្នកដែលស្នើសុំ ដើម្បីជួបសម្ភាស និងពិភាក្សាជាមួយគណៈកម្មការរបស់នាយកដ្ឋាន ព្រមទាំងចុះត្រួតពិនិត្យជាក់ស្តែង។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ ហើយឃើញថាពិតជាមានការខ្វះខាតមែននោះ គេនឹងផ្តល់ថវិកា ដែលយើងស្នើសុំតាមរយៈធនាគារ ដោយរាល់និតីវិធីទាំងអស់ ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងអស់៕