(បាត់ដំបង)៖ រដ្ឋបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានថា រងស្រុកម្នាក់ ដឹកនាំកងកម្លាំងចំរុះជិត២០នាក់ មកបំផ្លាញ ដំណាំស្រូវប្រជាពលរដ្ឋអស់ជិត ៦ហិកតា។

តាមរយៈសេចក្តីបំភ្លឺ រដ្ឋបាលស្រុកឯកភ្នំ បានឱ្យដឹងថា ទីតាំងដីតំបន់៣នេះ គឺរាជរដ្ឋាភិបាលមិនបានកាត់ឆ្កៀលជូនប្រជាពលរដ្ឋទេ កាលពីឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារងារចុះមកដល់ទីតាំងនេះផ្ទាល់ ហើយបានចាត់វិធានការច្បាប់ចំពោះអ្នកដែលកាប់ទន្ទ្រានដីនេះយកធ្វើស្រែ និងបានបញ្ជូនខ្លួនជនល្មើសដាក់ពន្ធនាគារបានមួយចំនួនផងដែរ។

ជាកិច្ចការងារដែលត្រូវអនុវត្ត ក្នុងតួនាទីជាគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានសហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តបានបន្តការពារដីតំបន់បីនេះ ជាប្រចាំតាំងពីពេលនោះរហូតមក។ លុះដល់ចុងឆ្នាំ២០២៣កន្លងមកនេះ ប្រជាពលរដ្ឋនៅខាងទឹកដីខេត្តបន្ទាយមានជ័យ បាននាំគ្នាមកភ្ជួរដី ព្រោះស្រូវនៅលើទីតាំងហាមឃាត់នេះ។

រដ្ឋបាលស្រុកឯកភ្នំ សូមអំពាវនាវដល់សាធារណៈជនគ្រប់មជ្ឈដ្ឋាន មេត្តាជ្រាប និងកុំជឿការញុះញង់របស់ជនខិលខូចដែលនៅតែមានមហិច្ចតាយកដីព្រៃតំបន់បីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន សូមចូលរួមទាំងអស់គ្នាការពារធនធានធម្មជាតិឱ្យបានគង់វង្ស ឋិតថេរ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

សូមអានសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ដូចខាងក្រោម៖