(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ អញ្ជើញទៅប្រទេសថៃ ដើម្បីសួរសុខទុក្ខលោក ថាក់ស៊ីន នៅទីក្រុងបាងកក ដែលតុលាការទើប​អនុញ្ញាត​ឱ្យ​មាន​សេរីភាព ក្រោយជាប់ពន្ធនាគាររយៈពេលជាង៥ខែ។

ព័ត៌មាននេះត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ទាប់ពីជួបសួរសុខទុក្ខលោក ថាក់ស៉ីន ហើយ, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបង​ប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។

បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាង​ជិត​ស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។ ក្នុង​អំឡុង​ពេលរស់នៅក្រៅប្រទេស លោក ថាក់ស៊ីន និងក្រុមគ្រួសារ ហោះមកកម្ពុជា ជួបសម្តេចតេជោ ហ៊ុន សែន ជាញឹកញាប់។

កាលពីខែសីហា ឆ្នាំ២០២៣ មុននឹងធ្វើដំណើរចូលប្រទេសវិញ លោក ថាក់ស៊ីន និងប្អូនស្រី គឺលោកស្រី យីងឡាក់ ក៏បានបង្ហាញខ្លួននៅផ្ទះសម្តេចតេជោផងដែរ ដើម្បីចូលរួមអបអរសាទរខួបកំណើតរបស់​សម្តេច។ ក្រោយពេលលោក ថាក់ស៊ីន ចូលដល់ប្រទេស ហើយត្រូវចាប់ខ្លួននោះ គេក៏បានឃើញលោកស្រី យីងឡាក់ បង្ហាញវត្តមាននៅផ្ទះរបស់សម្តេចផងដែរ។

តាមរយៈប្រវត្តិទំនាក់ទំនងដែលបានបង្ហាញនេះ ស្តែងឱ្យឃើញនូវទំនាក់ទំនងស៊ីជម្រៅ និងជិតស្និទ្ធបំផុតរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ថាក់ស៊ីន និងក្រុមគ្រួសារ។

សូមចុចអាន៖ ព្រឹត្តិការណ៍សំខាន់ៗ ពាក់ព័ន្ធអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ដែលទើបតែត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយការធ្វើមាតុភូមិនិវត្តន៍