(ភ្នំពេញ)៖ ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកិច្ចប្រជុំ អាណត្តិទី៣ លើកទី១ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

កិច្ចប្រជុំនេះ ដែលមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាសមាជិក បានពិនិត្យពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៣ និងអនុម័តផែនការសកម្មភាពឆ្នាំ ២០២៤ ដែលរួមមានទាំងយុទ្ធសាស្ត្រកៀរគរការបរិច្ចាគ ផងដែរ។

ក្នុងរបាយការណ៍លទ្ធផលដែលរាយការណ៍ដោយអង្គភាពប្រតិបត្តិ, ពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានការបរិច្ចាគសរុបគិតជាប្រាក់ដុល្លារចំនួន ៥.៦លានដុល្លារ ពីសប្បុរសជនសរុបចំនួន ២៧១ ៧០២នាក់ បើធៀបនឹងឆ្នាំ២០២២ មានសប្បុរសជនសរុបចំនួនតែ ១៥១៧៣៤នាក់ ប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំនោះដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណគ្រប់សប្បុរសជន, ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូរ, និងបណ្ដាក្រុមហ៊ុនឯកជននានា ចំពោះការគាំទ្រ និងកិច្ចសហការ ដែលបង្ហាញពីសាមគ្គីភាពខ្ពស់ដើម្បីកុមារកម្ពុជាក្នុង «ស្មារតីខ្មែរជួយខ្មែរ» ក៏ដូចជាបានផ្តល់ការណែនាំបន្ថែម ពាក់ព័ន្ធនឹងការលើកទិសដៅការងារក្នុងពេលខាងមុខ ដោយផ្តោតជាពិសេស លើការបង្កើនការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-សា្ថប័ន និងរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាតាមបណ្ដាក្រុមហ៊ុនឯកជនសំខាន់ៗផងដែរ៕