(ភ្នំពេញ)៖ ឆ្នាំ២០២៣ ខេត្តកំពត និងកែប ផលិតអំបិលបានសរុបចំនួន៨១ ៩០៤ តោន លើផ្ទៃដីស្រែអំបិលជាង ៣ពាន់ហិកតា សម្រាប់ផ្គត់ផ្គង់ប្រជាជនទូទាំងប្រទេស ដោយពុំមានការនាំចូលអំបិលពីបរទសនោះទេ។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងចំណោមអំបិលដែលបានផលិតជាង ៨ម៉ឺនតោននេះ លក់ចេញបាន ៦៤ ៧៣២ តោន។

ទិន្នន័យដដែលនេះបានបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្ទៃដីផលិតអំបិលនៅកម្ពុជា មានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា។ ចំណែកក្រុមផលិតមានចំនួន១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ៧៨,៤៨៤ តោន និងខេត្តកែបផលិតបាន ៣,៤១៩តោន។ សិប្បកម្មចំនួន ៣២មូលដ្ឋាន ក្នុងចំណោម ៥៤ មូលដ្ឋាន ដែលទទួលបាន អាជ្ញាបណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអីយ៉ូដ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំគម្រោងវាស់វែងធ្វើបច្ចុប្បន្នភាពកំណត់ផែនទីដីស្រែអំបិល និងចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍដីសអំបិលខេត្តកំពត និងខេត្តកែប ជាបន្តបន្ទាប់ និងបានចេញប្រកាស ស្តីពីគោលការណ៍បង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត-កែប និងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សព្វផ្សាយប្រកាស និងជំរុញបង្កើតសហគមន៍អ្នកផលិតអំបិលខេត្តកំពត កែប៕