(ភ្នំពេញ)៖ អគ្គលេខាធិការ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញលទ្ធផលនៃសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន១១៥រូប។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សម័យប្រជុំនេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖

* អង្គសភាបានអនុម័តយល់ព្រមសមាសភាពលេខាធិការ សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួន៣រូប
* អង្គសភាធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន៣រូប៖
១៖ លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
២៖ លោក ស្រ៉ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
៣៖ លោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដែលមាន កូរ៉ុមចំនួន ១២០រូប ដោយទទួលបានលទ្ធផលយល់ព្រម ១២០សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោតចប់សព្វគ្រប់តាមរបៀបវារៈ រួចហើយអង្គសភាបានប្រកាសបិទសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨៖៥០នាទី៕