(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងពិភាក្សាអំពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤។

កិច្ចប្រជុំនាពេលនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំ និងប្រធាននាយកដ្ឋាន នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ថ្នាក់ដឹកនាំនិងប្រធាននាយកដ្ឋាននៃអាជ្ញាធរទន្លេសាប និងប្រធាននាយកដ្ឋានទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម សរុបប្រមាណ ៨០នាក់។

លោករដ្ឋមន្ត្រី ថ្លែងថា ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ គឺជាការងារចាំបាច់ និងមានសារសំខាន់សម្រាប់អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីនាំកម្ពុជាចេញផុតពីស្ថានភាពជាប្រទេសដែលមានចំណូលទាប ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ សង្គមសុខដុមរមនា មានកិត្យានុភាពខ្ពស់ក្នុងឆាកអន្តរជាតិ និងរួមចំណែកធ្វើឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានស្នើដល់កិច្ចប្រជុំឱ្យពិភាក្សា វិភាគ ឆ្លុះបញ្ចាំង និងវាយតម្លៃល្អិតល្អន់នូវការអនុវត្ត និងសមិទ្ធផល ដែលសម្រេចបានរយៈពេល ៥ឆ្នាំ ២០១៩-២០២៣ កន្លងមកនេះ ហើយឈរលើមូលដ្ឋាននេះកំណត់នូវគោលបំណង គោលដៅ និងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់រយៈពេល ៥ឆ្នាំ ២០២៤-២០២៨ បន្ទាប់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រូវផ្អែកលើ៖

* ទី១៖ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងធនធានទឹក និងឧតុនិយម
* ទី២៖ គោលនយោបាយជាតិលើវិស័យធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា
* ទី៣៖ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពសំខាន់ៗ លើការងារគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ
* ទី៤៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ គឺ ដើម្បីពិនិត្យនូវលទ្ធផលការងារសម្រេចបានផ្អែកលើផែនការការងារឆ្នាំ២០២៣ ដែលបានដាក់ចេញ ក្រោមកិច្ចសហការ និងការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូពាក់ព័ន្ធផ្សេងទៀត។ ក្នុងពេលនោះដែរ ក៏ជាឱកាស ដើម្បីពិភាក្សាអំពីផែនការដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៤ ផ្អែកលើចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងឆ្នាំ២០២៣ ដើម្បីឱ្យការអនុវត្តផែនការការងារឆ្នាំ២០២៤ កាន់តែមានប្រសិទ្ធភាពថែមទៀត ទទួលជោគជ័យ និងសម្រេចបានលទ្ធផលតាមផែនការគ្រោងទុក ក្រោមកិច្ចសហការកាន់តែល្អ មានការទទួលខុសត្រូវខ្ពស់ និងការចូលរួមកាន់តែសកម្ម៕