(កណ្ដាល)៖ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ បានថ្លែងថា ការបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ ដើម្បីធ្វើឲ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាព ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការបម្រើសង្គមជាតិ បម្រើប្រជាពលរដ្ឋ ចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៥ ដែលមានសិក្ខាកាមសរុបចំនួន៣៥៩នាក់ នារី៥២នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

រាយការណ៍ក្នុងពិធីនោះ នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងអំពីសារៈសំខាន់នៃវគ្គសិក្សា លទ្ធផលល្អនៃការសិក្សា គុណភាពនៃការបណ្ដុះបណ្ដាល វឌ្ឍនភាពរបស់បណ្ឌិត្យសភា និងការចូលរួមចំណែករបស់សិក្ខាកាមក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា។

លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បានគូសបញ្ជាក់ថា ការដាក់ឲ្យដំណើរការវគ្គសិក្សានេះ គឺជាសក្ខីភាពបង្ហាញអំពីការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយប្រាជ្ញាភិវឌ្ឍន៍របស់ លោកអភិសន្តិបណ្ឌិត ស សុខា និងស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងឱកាសនោះ លោកបានប្រគល់វិញ្ញាបនបត្រជានិមត្តិរូបជូនដល់សិក្ខាកាមជ័យលាភីចំនួន៤៤នាក់ និងបានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យបន្តការងារបណ្ដុះបណ្ដាល កងកម្លាំងនគរបាលជាតិ និងបន្តការងារអភិវឌ្ឍន៍ ស្របតាមស្តង់ដាគុណភាព និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឲ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ព្រមទាំងផ្ដាំផ្ញើដល់សិក្ខាកាមជ័យលាភីទាំងអស់ ឲ្យយកចំណេះដឹង និងជំនាញវិជ្ជាជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាល ទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ច្បាស់លាស់។

តំណាងសិក្ខាកាមបានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត និងគោរពប្ដេជ្ញាចិត្តថា នឹងយកចំណេះដឹងជំនាញដែលក្រុមខ្លួនបានខិតខំសិក្សា ទៅបម្រើសង្គម ជាតិ មាតុភូមិ បម្រើពលរដ្ឋឲ្យអស់ពីសមត្ថភាព ប្រកបដោយវិជ្ជាជីវៈ ថ្លៃថ្នូរក្នុងនាមជានគរបាលជាតិ៕