(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតជូនលោក លី ខ័រ (Mr. Li Kuo) អគ្គនាយកក្រុមហ៊ុន China Metro Group នៃប្រទេសចិន ដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

នៅក្នុងជំនួបនេះលោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូន លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏ដូចជាអង្គប្រជុំទាំងមូលអំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុន លើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែ គឺ៖ ទី១ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និងទី២ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។

ជាការឆ្លើយតបលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន China Metro Group ចំពោះការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលទាំងពីរខ្សែខាងលើ ដែលរំពឹងថា គម្រោងទាំងពីរនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសបន្ថែមក្នុងការធ្វើដំណើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរផងដែរ៕