(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនល្មើសម្នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៧៖៣០នាទី កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រូលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំង នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បង្ក្រាបនៅចំណុចក្បែរស្ថានីយ៍ប្រេងតូតាល់​ ផ្លូវ២១៧ ភូមិគោកក្រសាំង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលចាប់ខ្លួនជនល្មើសម្នាក់ ឈ្មោះ ពេជ្រ រ៉ាដែន ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត២០០០។ វត្ថុតាងចាប់យក៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់៩៩៦,១៣ក្រាម។

ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

សូមជម្រាបថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជន គ្រឿងញៀនឲ្យអស់, កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

រយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗជាច្រើន ត្រូវបានបង្ក្រាបដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងបានឃាត់ខ្លួនឧក្រិដ្ឋជនជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕