(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេ​ចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានកោតសរសើរលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលធ្វើឱ្យប្រទេសកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ព្រមជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ។

ព្រះបន្ទូលរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅក្នុងឱកាសសេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រ ជាបងប្អូន កូនចៅរបស់ព្រះអង្គ ដែលមានជីវភាពខ្វះខាត ជាកសិករ រស់នៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង និងភូមិជ្រៃវែង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈវីដេអូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានដឹកនាំ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ទទួលបានសេចក្តីសុខ សន្តិភាពពេញបរិបូរណ៍ ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពសេដ្ឋកិច្ច និងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ នៅទូទាំងប្រទេស។

ព្រះអង្គបានមានព្រះបន្ទូលទៀតថា៖ ក្រោមការដឹកនាំដ៏ឆ្លាតវាងវៃ និងប៉ិនប្រសព្វបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រទេសកម្ពុជាបានបន្តដំណើរទៅមុខខ្លាំងក្លាបំផុត ហើយរាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិយើង ទាំងនៅទីក្រុង ក៏ដូចជានៅជនបទ ទទួលបាន សេចក្តីសុខ សន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍ រីកចម្រើនលូតលាស់លើគ្រប់វិស័យទូទាំងប្រទេសកម្ពុជា៕