(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះល្បាតការពារសណ្ដាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង។

ពេលល្បាតដល់ចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កម្លាំងបានប្រទះឃើញមានក្មេងទំនើងចំនួន០២ក្រុម មានគ្នាប្រហែល០៨នាក់ បានធ្វើសកម្មភាពដេញកាប់គ្នាទៅ វិញទៅមកយ៉ាងអនាធិបតេយ្យ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងកាំបិតខ្វែវដងឈើប្រវែង៨៤សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ ពិសិដ្ឋ (ហៅជុយ) អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ជនសង្ស័យក្រោយពីឃាត់ខ្លួន និងសួរចម្លើយ បានឆ្លើយសារភាពថា ខ្លួនពិតជាជាប់ពាក់ព័ន្ធក្នុងករណីដេញកាប់គ្នាពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានសកម្មភាពជាក់ស្ដែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធីចំណែកបក្ខពួកផ្សេងទៀតដែលរត់គេចខ្លួន ត្រូបានកម្លាំងកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្តទៀត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕