(ត្បូងឃ្មុំ)៖ ដោយមានការគាំទ្រពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) និងសមាគមទំនាក់ទំនងយុវជនកម្ពុជាចិន បានចុះធ្វើសិក្ខាសាលា ស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ដល់សិស្សានុសិស្ស ថ្នាក់ទី១០ ទី១១ និងទី១២ ចំនួន៤វិទ្យាល័យ នៅខេត្តត្បួងឃ្មុំ ដែលមានសិស្សានុសិស្សចូលរួមសរុបមានចំនួន៤,៦៧៣នាក់ រួមមាន៖ ១- វិទ្យាល័យត្រពាំងឬស្សី (ស្រុកត្បូងឃ្មុំ) ២- វិទ្យាល័យសម្តេចម៉ែ (ស្រុកត្បូងឃ្មុំ) ៣- វិទ្យាល័យ ហ៊ុនសែន អូរាំងឪ (ស្រុកអូរាំងឪ) និង៤- វិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សួង (ក្រុងសួង)។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង៖

១៖ ណែនាំអំពីវិធីសាស្ត្រស្នើសុំអាហារូបករណ៍ដោយផ្ទាល់ សម្រាប់ថ្នាក់បរិញ្ញាបត្រ
២៖ ជំរុញកំណើននិស្សិតកម្ពុជាមកសិក្សានៅប្រទេសចិន
៣៖ លើកទឹកចិត្តសិស្សានុសិស្ស សិក្សាភាសាចិន ដើម្បីត្រៀមស្នើសុំអាហារូបករណ៍
៤៖ ចូលរួមអបសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤
៥៖ ផ្សព្វផ្សាយអំពីវប្បធម៌ចិន ភាពរីកចម្រើន និងភាពស៊ីវីល័យរបស់ប្រទេសចិន។

សិក្ខាសាសានេះ បានដឹកនាំរៀបចំដោយ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាល ACSC និងជាប្រធានសមាគម CCYA អមដោយសហការីរួមមាន៖ លោក ញិល សូវៀត អនុប្រធានក្រុមប្រឹក្សាភិបាល ACSC និងជាអនុប្រធានសមាគម CCYA, លោកស្រី លី ស៊ានលីន (LI XUELIN) ទីប្រឹក្សាជាន់ខ្ពស់សមាគម ACSC និងជាប្រធានសមាគម CCYA, លោក ហោ តារា សមាជិកក្រុមប្រឹក្សាភិបាលសមាគម ACSC, លោក ហោ រតនៈអនុប្រធានសមាគម ACSC អាណត្តិទី៧, លោក គួយ ស៊ាវហ៊ុយ ប្រធាននិស្សិតខេត្តហេឡុងជាំង អាណត្តិទី៧, លោក ជីវ តារាវៃ តំណាងនិស្សិតខេត្តសានស៊ី អាណត្តិទី៧, លោក អ៊ុំ បញ្ញា ជំនួយការប្រធានក្រុមប្រឹក្សាភិបាល ACSC និងចូលរួមសហការរៀបចំដោយលោក ឃីម សុខុម នាយក វិទ្យាល័យ ហ៊ុនសែនត្រពាំងឬស្សី, លោក វ៉ា សាវី នាយកវិទ្យាល័យសម្តេចម៉ែ, លោក ហេង ហុកវី នាយកវិទ្យាល័យហ៊ុនសែន អូរាំងឪ និងលោក សេង ឌឿន នាយកវិទ្យាល័យសម្តេចតេជោ ហ៊ុនសែនសួង ព្រមទាំងចូលរួមជួយសម្របសម្រួល ដោយលោកស្រី សម្បត្តិ ធីតា និងសហការី តំណាងក្រសួងអប់រំ យុវជន និងកីឡា។

លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា សិក្ខាសាលានេះ គឺជាគម្រោងកំពុងអនុវត្តទូទាំងប្រទេស ក្រោមជំនួយ និងគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។ កាលពីឆ្នាំ២០២៣កន្លងមកនេះ ក្រុមការងារសមាគម បានធ្វើសិក្ខាសាលាស្តីពី ការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជូនសិស្ស និងនិស្សិត នៅគោលដៅ ខេត្តតាកែវ ខេត្តកំពត ខេត្តរតនគិរី និងរាជធានីភ្នំពេញ សរុបមានចំនួន ២២ វិទ្យាល័យ និង ៣សាកលវិទ្យាល័យ។

លោក អ៊ុំ វុទ្ធទី បានបន្តទៀតថា ក្នុងសិក្ខាសាលា ក៏រំលេចយ៉ាងច្បាស់ៗ អំពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍយុវជន ឲ្យមានសមត្ថភាពពេញលេញ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន៕