(ព្រះវិហារ)៖ លោក ព្រហ្ម ផេង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ទែន សារ៉ុម ប្រធានគណៈត្រួតពិនិត្យគណបក្សខេត្ត លោក សំ លាងទ្រី អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុកសង្គមថ្មី និងលោក យ៉ុង គឹមហ៊ាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកសង្គមថ្មី ព្រមទាំងប្រធាន អនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសង្គមថ្មី ប្រធាន អនុប្រធាន គណបក្សស្រុក គណបក្សឃុំជាច្រើនរូបទៀត។

នាឱកាសនោះលោក ព្រហ្ម ផេង បានថ្លែងអំពាវនាវអង្គបោះឆ្នោតទាំងអស់ទូទាំងស្រុកសង្គមថ្មី សូមបោះឆ្នោតជូនសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១ និងគូសសញ្ញានៅក្នុងប្រអប់សន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដើម្បីចាត់ទុកជាសន្លឹកឆ្នោតបានការ។

លោក ព្រហ្ម ផេង បានថ្លែងថា អស់រយៈពេល ១៤ថ្ងៃកន្លងមកនេះ យើងបានរួមគ្នាយ៉ាងសកម្មចូលរួមក្នុងដំណើរការឃោសនាបោះឆ្នោត នៅក្នុងមូលដ្ឋានស្រុក ឃុំ ដោយសម្រេចបាននូវកិច្ចការជាច្រើនទៅតាមផែនការ និងកម្មវិធីដែលគណៈកម្មការបក្សខេត្តបានកំណត់។ ក្នុងនោះបានផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្ស តាមរយៈការចាក់ផ្សាយតាមបណ្តាលឃុំ ធ្វើឱ្យប្រជាពលរដ្ឋ មហាជនបានយល់ជ្រួតជ្រាបនូវ គោលនយោបាយរបស់គណបក្ស។

លោក ព្រហ្ម ផេង ក៏បានផ្តាំផ្ញើដល់ក្រុមការងារគណបក្សស្រុកត្រូវសហការគ្នាឱ្យបានល្អ ពិសេសត្រួតពិនិត្យចុងក្រោយសំណុំឯកសារទាំងឡាយណាដែលត្រឹមត្រូវក្នុងការបោះឆ្នោត ដើម្បីឱ្យអង្គបោះឆ្នោតមានគ្រប់លក្ខណៈសម្បត្តិ បានទៅបោះឆ្នោត។ ត្រូវដឹកជញ្ជូនអង្គបោះឆ្នោតទាំងអស់ឱ្យមានសុវត្ថិភាពទាំងទៅបោះឆ្នោត និងត្រឡប់មកវិញ សូមអង្គបោះឆ្នោតទាំងអស់ត្រូវយកទៅតាមនូវលិខិតស្នាមផ្សេងៗ ពិសេសអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន សូមអង្គបោះឆ្នោតទាំងអស់បោះឆ្នោតជូនសមាជិកព្រឹទ្ធសភាគណបក្សប្រជាជន តាមរយៈគូសសន្លឹកឆ្នោតនូវលេខរៀងទី១ និងគូសឱ្យបានត្រឹមត្រូវ៕