(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិការគណៈកម្មាធិការកណ្ដាល បេក្ខជនពេញសិទ្ធជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សួស យ៉ារ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានកិត្តិយសចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទីស្នាក់ការគណបក្សស្រុក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រី ឃួន ឃុនឌី បានថ្លែងទៅកាន់អង្គបោះឆ្នោតទាំងអស់ គឺត្រូវតែមានភាពរឹងមាំម្ចាស់ការលើខ្លួនឯង ព្រមទាំងជឿជាក់លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយមិនត្រូវចាញ់បោកការឃោសនាឬការគំរាមកំហែងនៃជនអគតិមួយចំនួនដែលនាំឱ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនបានឡើយ។

លោកស្រីបានលើកឡើងពីសេចក្តីថ្លែងការណ៍លេខ ០០២ គ.ជ.ប របស់ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីប្រកាសព័ត៌មានលេខ ០០៤ សប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់អង្គបោះឆ្នោត ដោយបានបង្ហាញពីគោលជំហរ និងគាំទ្រនៅសេចក្តីសម្រេចនេះយ៉ាងពេញទំហឹង ព្រមទាំងប្រឆាំងដាច់ខាតនៅរាល់សកម្មភាពទាំងឡាយណាជាការគំរាមកំហែង បំភិតបំភ័យដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នក បោះឆ្នោតនឹងបង្កឱ្យមានចលាចលកើតឡើង និងផ្ទុយពីលក្ខន្តិកៈ លិខិតបទដ្ឋានគតិយុត្តិរបស់ គ.ជ.ប និងក្រសួងមហាផ្ទៃបានកំណត់។

លោកស្រី ឃួន ឃុនឌី បានជំរុញឱ្យអាជ្ញាធរឃុំត្រូវតាមដានជាប្រចាំចំពោះសកម្មភាពញុះញង់នេះប្រសិនបើមានត្រូវតែរាយការណ៍ជាបន្ទាន់ដល់ភាគីពាក់ព័ន្ធដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា។

លោកស្រី ក៏បានសំណូមពរឱ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាពឱ្យបានល្អ ព្រមទាំងជំរុញឱ្យប្រធានបក្សស្រុកត្រូវតែគ្រប់គ្រង ត្រួតពិនិត្យលើមន្ត្រីជាអង្គបោះឆ្នោតឱ្យបានគ្រប់ជ្រុងជ្រោយ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១ រូបសញ្ញាទេវតាបាច់ផ្កាជាសម្គាល់ នៅថ្ងៃទី២៥ កុម្ភៈ ឱ្យបានគ្រប់គ្នា ដើម្បីជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា។

លោក សួស យ៉ារ៉ា បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសន៍ឯក បិតាសន្តិភាពដែលបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេឱ្យមានការរីកចម្រើនដូចឃើញសព្វថ្ងៃ។ គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេងក្នុងការផ្ទេរអំណាចដឹកនាំទៅថ្នាក់ដឹកនាំបន្តវេន នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីឆ្នាំ២០២៣ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរយ៉ាងស្វាហាប់ក្នុងការដឹកនាំកសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិតាមរយៈគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ជាពិសេសការកសាងកិត្តិនាម និងកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ។

លោកបានបញ្ជាក់សារជាថ្មីអំពីជំនឿជឿជាក់យ៉ាងមុតមាំចំពោះអង្គបោះឆ្នោត និងជ័យជំនះនៅក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខាងមុខនេះ ជាពិសេសការគាំទ្រចំពោះ បេក្ខភាពសមាជិកព្រឹទ្ធសភារបស់សម្តេចតេជោប្រធានគណបក្ស ក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា៕