(ព្រះសីហនុ)៖ មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៤គោលដៅ នាយប់ថ្ងៃទី២២ ខែកុម្ភៈ នៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៥៥១គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់ដោយ អភិបាលក្រុង/ស្រុក និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៤គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៥៥១គ្រឿង ម៉ូតូ និងPassapp ចំនួន ២១៧គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖

*ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន១៨នាក់ រកឃើញ៦នាក់ ក្នុងនោះចិនម្នាក់ (អប់រំ ណែនាំ៣នាក់ និងផាកពិន័យតាមគោលការណ៍៣នាក់)។
*ទី២៖ ធ្វើតេស្តរកសារធាតុញៀន២នាក់ (អវិជ្ជមាន)
*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន១៦៨គ្រឿង (គ្មានអាវុធឆ្លងកាត់)។
*ទី៤៖ ឃាត់រក្សាទុករថយន្ត៣គ្រឿង និងម៉ូតូ៤គ្រឿង។
*ទី៥៖ ផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួក សុវត្ថិភាពចំនួន២នាក់ (ផាកពិន័យតាមគោលការណ៍)។
*ទី៦៖ អប់រំនៅនឹងកន្លែង៥នាក់។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕