(កំពង់ធំ)៖ ដោយបានទទួលការប្រគល់ភារកិច្ចពីលោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ លោក ជា បូរ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ពិធីនេះក៏មានការចូលរួមពី លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ លោកប្រធានគណបក្សស្រុកបារាយណ៍, ក្រុមការងារគណបក្សថ្នាក់ស្រុក ថ្នាក់ឃុំ សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជានៅស្រុកបារាយណ៍ជាច្រើនរូបទៀត។

ក្នុងនាមតំណាងលោក សុខ សូកេន, លោក ជា បូរ៉ា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករព្ញករបស់សម្តេចប្រមុខទាំង៣ គឺ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់មន្រ្តី និងសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងអស់នៅស្រុកបារាយណ៍ទាំងអស់ផងដែរ។

លោក ជា បូរ៉ា បានឱ្យដឹងថា ការចូលរួមរបស់សមាជិក សមាជិកាគណបក្សនាពេលនេះ មិនគ្រាន់តែបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គី និងឯកភាពផ្ទៃក្នុងបក្សដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ ឆន្ទះស្មោះស្ម័គ្រ ក្តីស្រលាញ់ គាំទ្រ និងជឿជាក់មកលើគណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជា ជាបេក្ខភាពប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះផងដែរ។

លោក ជា បូរ៉ា បានបញ្ជាក់ថា ដើម្បីបន្តថែរក្សាសមិទ្ធិផលដែលគណបក្សប្រជាជន បានកសាងជាច្រើនកន្លងមក ឱ្យបានស្ថិតស្ថិរ គង់វង្សបន្តទៀត គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាអាទិភាពសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ជាច្រើន ក្នុងគោលបំណងជ្រោងទង់មហាសាមគ្គីជាតិ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត, បន្តជំរុញការកែទម្រង់រដ្ឋស៊ីជម្រៅ និងទូលំទូលាយតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ, ពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាព និងស្អាតស្អំ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍របស់ប្រជាជនពិតប្រាកដ រួមទាំងមានផែនការជាច្រើនទៀតផងដែរ។

ជាមួយគ្នានោះ លោក ជា បូរ៉ាបន្ថែមលើនេះសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីធានាការពារសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម លើកកម្ពស់សុខមាលភាព ជីវភាពរស់នៅរបស់ប្រជាជន ផ្តល់សេវាសាធារណៈឱ្យខិតជិតប្រជាជន បង្កើនកិច្ចគាំពារសង្គមជូនជនក្រីក្រ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, ការចាត់វិធានការបង្ក្រាប និងបិទល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការចេញបទបញ្ជាដ៏ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលវិធានការទាំងអស់នេះបានទទួលនូវការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន។

លោក ជា បូរ៉ា បានបន្ថែមថា​ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលជាបង្អែកដ៏រឹងមាំ កក់ក្តៅ និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិឱ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។ ដូច្នេះយើងទាំងអស់គ្នា ក្នុងនាមជាមន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជាគ្រប់លំដាប់ថ្នាក់ សូមប្តេជ្ញាចូលរួមថែរក្សាសន្តិភាព ថែរក្សារាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតឡើងយ៉ាងពិបាកនាពេលកន្លងមក។

ជាមួយគ្នានោះ លោក ជា បូរ៉ា បានបន្ថែមថា ថ្ងៃស្អែកទី២៤ ខែកុម្ភៈ គឺជាថ្ងៃស្ងប់ស្ងាត់ ដូចនេះសូមសមាជិក សមាជិកាក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត ថែរក្សាសុខភាព ឱ្យបានល្អ, សូមកុំពិសារគ្រឿងស្រវឹង, កុំចេញទៅណាឆ្ងាយៗ និងត្រៀមអត្តសញ្ញាណបណ្ណសម្រាប់បោះឆ្នោតឱ្យបានល្អ និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងនៅលំដាប់លេខរៀងទី ១ នៅលើសន្លឹកឆ្នោត នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា៕