(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលសិក្សាប្រមាណជា៥ឆ្នាំ នៅពេលនេះកម្ពុជារៀបចំបានហើយនូវ​ផែន​ទីចង្អុលផ្លូវមួយសម្រាប់ការកសាងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មដ៏ប្រទាក់ក្រឡាមួយ ដើម្បីជួយ​គាំទ្រដល់ការធ្វើធុរកិច្ចឱ្យកាន់តែល្អប្រសើរ។

ផែនការមេប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជានេះ បានចូលរួមសិក្សា និងរៀបចំអង្គការចៃកា របស់ជប៉ុន ធនាគារពិភពលោក និងក្រុមហ៊ុនរបស់ចិនផងដែរ។ បន្ទាប់ពីសិក្សា និងរៀបចំចងក្រងរួច​រាល់ផែនការមេនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ចុះហត្ថលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

«ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា​២០២៣-​២០​៣៣» មានចក្ខុវិស័យមានចក្ខុវិស័យបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោត​លើ​ការ​ជំរុញ​ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន​អន្តរ​មធ្យោបាយមានការ​តភ្ជាប់​ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃប្រទេស និងជាមួយតំបន់ ដែល​នឹង​បន្ត​រួមចំណែកជំរុញ និងទ្រទ្រង់​កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការ​សង្គម​-សេដ្ឋ​កិច្ច​​ប្រកបដោយចីរភាព និងបរិយា​ប័ន្ន។

ផែនការមេនេះ មានគោលដៅធំ៤ រួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់តែ​ប្រសើរ​​​ឡើងនូវវិសាលភាព​គ្រប​ដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន, (២) ធ្វើឱ្យ ប្រសើរ​ឡើងនូវប្រសិទ្ធ​ភាព និងស័ក្ដិសិទ្ធិភាពនៃសេវានិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, (៣) ជំរុញ និងលើក កម្ពស់ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូនសំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង (៤) ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទិក។

ផែនការមេបានកំណត់នូវក្របខណ្ឌយុទ្ធសាស្ត្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនគ្រប់​ជ្រុង​ជ្រោយ​​ក្នុងទម្រង់ «៣-៣-៤-២» សំដៅដល់ «របៀងដឹកជញ្ជូនមេ៣ របៀងដឹកជញ្ជូនរង៣ ប៉ូល​កំណើន​​៤ និងប៉ូលភ្ជាប់កំណើន២»។ ក្នុងការរៀបចំប្រព័ន្ធឡូជីស្ទីក ផែនការមេបានកំណត់​យកយុទ្ធ​សាស្ត្រ «២-២-N» ដែលសំដៅដល់ «មជ្ឈមណ្ឌលឡូជីស្ទិក២ សួនឡូជីស្ទីក២ និងមណ្ឌលឡូជីស្ទីក​គ្រប់ទី​កន្លែង» ផ្អែកតាមតម្រូវការឡូជីស្ទីកជាក់ស្ដែង។

ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មានចំនួន៩៤ គម្រោង​​ផ្លូវ ដែក​មានចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមានចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវ​សមុទ្រ​មាន​ចំនួន២០ គម្រោងផ្លូវអាកាសមានចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកមានចំនួន១៥ និងគម្រោងបន្ថែម​ផ្សេងៗ​មានចំនួន៤។ គម្រោងទាំងនោះ រួមបញ្ចូលនូវគម្រោងតភ្ជាប់ពីមធ្យោបាយ​ដឹកជញ្ជូនមួយ​ទៅ​មធ្យោ​បាយដឹកជញ្ជូនផ្សេងទៀត និងទៅកាន់មណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែក​ជារយៈពេលខ្លី និង​មធ្យម​ចំនួន៩០គម្រោង និងរយៈពេលវែងចំនួន ៩១គម្រោង។

តាមការប៉ាន់ស្មានគម្រោងទាំងនេះ តម្រូវការហិរញ្ញប្បទានសរុបប្រមាណ ៣៦,៦៧៩លាន​ដុល្លារ​អាម៉េ​រិក ដែលក្នុងនោះ តម្រូវការក្នុងរយៈពេលខ្លី និងមធ្យម ពីឆ្នាំ២០២៣ ដល់ ២០២៧ មានប្រមាណ ១៩,៩២៦លានដុល្លារអាម៉េរិក ស្មើនឹង ៣,៩៨៥លានដុល្លារអាម៉េរិក ជាមធ្យមប្រចាំឆ្នាំ៕

File PDF: https://t.me/freshnewsasia/173395