(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជិះអធិបតីក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលមានសមាជិកចូលរួមចំនួន១.៥៩៤៣នាក់ មកពីតាមបណ្តាក្រុង-ស្រុក មួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារគណបក្សប្រជាជនថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ គណៈកម្មាធិការគណបក្សខេត្ត គណបក្សក្រុង-ស្រុក លោ ក លោកស្រីក្រុមប្រឹក្សា ឃុំ សង្កាត់នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើននៅទូទាំងខេត្ត ក្នុងនោះការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់បម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិពិតៗ ដែលនេះគឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សដើម្បីឈានទៅអនុវត្តយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោកបណ្ឌិតសភាចារ្យក៏បានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវថែទាំសុខភាព និងត្រៀមឯកសារសម្រាប់យកទៅបោះឆ្នោតនិងបានអំពាវនាវឲ្យសមា ជិកសមាជិកាទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១ ដោយប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីប្រទេសកម្ពុជានៃយើងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាបន្ត៕