(ស្វាយរៀង)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធិសភានីតិកាលទី៥ ភូមិភាគ៦ របស់គណបក្សប្រជាជនកម្ពុជាលោក លី ធុជ សមាជិកគណៈ កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោកបានគូសបញ្ជាក់ថា អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការផ្តល់ជាកម្លាំងដឹកនាំប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជា និងជាជំនឿទុកចិត្តរបស់ ប្រជាពលរដ្ឋ។ អង្គបោះឆ្នោតទាំងអស់ ត្រូវបង្ហាញពីឆន្ទៈមុះមុត និងស្វាមីភក្តិជូនចំពោះគណបក្សប្រជាជនកម្ពុជា និងបង្ហាញពីឆន្ទៈនិងសេចក្តីទុកចិត្តដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ/សង្កាត់ប្រគល់ជូន។

តាងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងលោក លី ធុជ បានណែនាំឱ្យសមាជិកបក្សទាំងអស់ត្រូវបន្ត អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍របស់គណបក្ស និងការណែនាំផ្សេងៗរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សំដៅធ្វើដំណើរការបោះឆ្នោតនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទទួលបានជោគជ័យ។

ក្នុងឱកាសនោះលោក លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ជូនចំពោះក្រុមការងារគណបក្សថ្នាក់កណ្តាល គណបក្សក្រុង គណបក្សសង្កាត់ និងសមាជិកបក្សគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងស្មារតីបន្តកិច្ចខិតខំប្រឹងប្រែងបម្រើដល់ផលប្រយោជន៍របស់គណបក្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕