(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ដើម្បីពង្រីកទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ ឱ្យបានទូលំទូលាយ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅខេត្តសៀមរាប រយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២២ ដល់២៥ ខែកុម្ភៈនេះតទៅ។

ពិធីនេះដែរ ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកជម្រុញពាណិជ្ជកម្ម ស្តីពីការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ និងលោកស្រី ខេង រ៉ាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ព្រមទាំងលោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ផលិតករ ពាណិជ្ជករ កសិករ សិស្ស និស្សិតជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងពិធីនោះដែរ លោក ម៉ៅ ថូរ៉ា បានលើកឡើងថា យុទ្ធនាការទិញផលិតផលខ្មែរ ជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការ ប្រើប្រាស់សូត្រកម្ពុជា គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជាឲ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ ពិសេសសូត្ររបស់ខ្មែរ។ តាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរចំនួន៨រដូវកាលកន្លងមកនេះ បានជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកជាបណ្តើរៗ ហើយផលិតករកម្ពុជា ក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនបម្រើឲ្យទីផ្សារ។ 

លោក ម៉ៅ ថូរ៉ា បានបន្តថា វិស័យពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងសង្គម ហើយការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅតែជាចំណុចអាទិភារារបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារសេរី ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូល រួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

លោក ម៉ៅ ថូរ៉ា បានបន្តទៀតថា ទាក់ទងនឹងផលិតផលសូត្រ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យសូត្រជាវិស័យសំខាន់មួយក្នុង ចំណោមផលិតផលសំខាន់ចំនួនទាំង១០ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយសង្កត់ធ្ងន់លើការអភិរក្សប្រពៃណីវប្បធម៌ខ្មែរ កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ព្រមទាំងការលើកកម្ពស់វិស័យសូត្រកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ 

លោកបានបញ្ជាក់ថា ផលិតផលរបស់ខ្មែរមានវត្តមាននៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងលក់ទំនិញក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅមុខទាំងគុណភាព សុវត្ថិភាព សោភ័ណភាពនិងអនាម័យ ដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។ លោកក៏បានប្រៀបធៀបផលិតផលកម្ពុជា ជាមួយផលិតផលរបស់បរទេស ដែលកំពុងធ្វើចរាចរនៅលើទីផ្សារទាំងក្នុងក្របខ័ណ្ឌតំបន់ និងទីផ្សារសកល ឃើញថា ការរីកចម្រើនរបស់ផលិតផលខ្មែរនៅមានកម្រិតនៅឡើយ។ 

លោកក៏បានលើកទឹកចិត្តដល់អ្នកផលិតទាំងអស់ ត្រូវស្វែងយល់ពីការអត្ថប្រយោជន៍នៃការចូលរួមតាំងពិព័ណ៍ និងទទួលយកភាពស្រស់ស្អាតនៃវប្បធម៌ខ្មែររបស់យើង។ ដោយឡែក ចំពោះការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៧ ឆ្នាំ២០២៤នេះ បានទាក់ទាញអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ ម្ចាស់កសិដ្ឋាន អង្គការ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែផ្លែឈើខ្មែរក្នុងខេត្តសៀមរាប និងមកពីរាជធានី-ខេត្ត ចំនួន១៦ បាននាំយកផលិតផល កសិផល មកចូលរួមដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មនាឱកាសនេះ។

ចំពោះផលិតផលដែលបានដាក់តាំងបង្ហាញ រួមមាន៖ បន្លែផ្លែឈើស្រស់ ដំណាប់ ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិចម្រុះ អង្គរ ស្វាយចន្ទី ម្រេច ដំឡូងមី ម្ហូបអាហារកែច្នៃ វត្ថុអនុស្សាវរីយ៍ និងផលិតផលធ្វើពីសូត្រជាដើម ដែលមានក្រុមហ៊ុន/សហក្រាសចូលរួមចំនួនជាង១១៣ និងមានស្តង់ពិព័រណ៍សរុបចំនួន ១២៥ស្តង់។

លោក ម៉ៅ ថូរ៉ា ក៏បានជម្រុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ ដោយអនុលោមតាមគោលការណ៍ «ភក្តីភាពចំពោះពាណិជ្ជកម្ម» គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ ទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន៕