(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ស្នាក់ការគណបក្សស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជាមួយការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារបានយ៉ាងរឹងមាំនូវសមិទ្ធផលនៃសង្គមជាតិ ព្រមទាំងការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជន។

លោកបានផ្តាំផ្ញើដល់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់សូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវច្បាស់លាស់រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជា
ប្រធានគណបក្ស ។

លោក ជា វ៉ាន់ចាន់ បានរម្លឹកនូវសាររបស់សម្តេចប្រធានគណបក្សដែលបានរំឭកដល់អង្គបោះឆ្នោតទាំងអស់ឱ្យគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផល នៃការបោះឆ្នោត និងបានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមថែរក្សាសុខភាពនិងពិនិត្យឯកសារពាក់ព័ន្ធបម្រើឱ្យការបោះឆ្នោតដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១ មានរូបសញ្ញាបាចផ្កាជាសម្គាល់៕