(កំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ពិធីនេះមានការចូលរួមពីលោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត សមាជិកសមាជិកាគណបក្ស ប្រជាជនកម្ពុជា និងអ្នកពាក់ព័ន្ធជាង៥០០០នាក់ នៅរង្វង់មូលធុរេន នៃក្រុងកំពត។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក អ៊ុង វិសាល បានប្រាប់ឲ្យដឹងថា នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខេត្តកំពតមានតែ គណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដាក់សំណើរមកគណៈកម្មការខេត្ត ដើម្បីសុំរៀបចំក្បួនដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានធ្វើឡើងនៅទីតាំង បរិវេណរង្វង់មូលទុរេន នៃក្រុងកំពត។

ព្យុហយាត្រាធ្វើនៅក្នុងក្រុងកំពត ចូលទៅផ្នែកខ្លះនៃស្រុកទឹកឈូ និងក្រុងបូកគោ ដែលអ្នកចូលរួមមកពីក្រុងកំពត ក្រុងបូកគោ និងស្រុកទឹកឈូ សរុបចំនួនប្រមាណ៥ពាន់នាក់។

លោកបានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោត បានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយ ប្តឹងជំទាស់ ទៅនឹងភាពមិនប្រក្រតី  ឬក៏មានការគំរាមកំហែង អំពើហិង្សា ឬក៏ការសូកប៉ាន់ ទៅលើអង្គបោះឆ្នោតជាដើម នេះគឺពុំមានទេ នៅក្នុងខេត្តកំពត។ ហើយការឃោសនាដង្ហែក្បួននេះ មានតែគណបក្សប្រជាជន តែមួយប៉ុណ្ណោះ។ ចំពោះគណបក្សឆន្ទៈខ្មែរ និងគណបក្សហ្វ៊ុនស៊ិនប៉ិច រយៈពេលតាំងតែ ពីថ្ងៃបើកយុទ្ធនាការ រហូតដល់បិទយុទ្ធនាការ គ្រាន់តែធ្វើសកម្មភាព ចាក់មេក្រូនៅតាមទីស្នាក់ការ និងជួបជុំសមាជិកនៅក្នុងទីស្នាក់ការរបស់ខ្លួនតែប៉ុណ្ណោះ អត់មានកម្មវិធីហែរក្បួនឃោសនាទេ។ នេះបានបង្ហាញអំពីភាពចាស់ទុំ និងការចូលរួមអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បានល្អប្រសើរនៅកម្ពុជា។

ប្រជាពលរដ្ឋចូលរួមក្នុងក្បូនដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត ពួកគាត់បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់រីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងក្បួនដង្ហែបើក និងបិទយុទ្ធនាការឃោសនាបោះឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះពួកគាត់យល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំប្រទេសឲ្យរីកចម្រើនបន្តទៅថ្ងៃមុខទៀតបាន។

ពលរដ្ឋបានលើកឡើងថា ពួកគាត់ស្រឡាញ់ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា ហើយរំពឹងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅថ្ងៃមុខ ប្រទេសកាន់តែរីកចម្រើនជាក់ជាមិនខាន៕