(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំង១កន្លែងសង្ស័យលួចលាក់នាំចូល ស្តុក និងចែកចាយផលិតផលទឹកជូរម៉ាក Dutch Milk ដែលរំលោភលើកម្មសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនយូរ អិន ធីហូលសេល ខូអិលធីឌី នៅភូមិប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងជំនាញបានត្រួតពិនិត្យជាក់ស្ដែងក្នុងទីតាំងរកឃើញ និងដកហូតជាបណ្ដោះអាសន្ននូវប្រភេទទឹកដោះគោជូរម៉ាក Dutch MilK (ចម្រុះ) ចំនួន១៥៤កេស និងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អនុវត្តនីតិវិធីបន្ត។

ក្នុងកិច្ចប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តរផងដែរ៕