(ភ្នំពេញ)៖ ល្បែងផ្សងសំណាង គ្មានច្បាប់អនុញ្ញាត បានវាយលុកក្នុងមូលដ្ឋានទូទាំងប្រទេសកម្ពុជា ដែលជាបញ្ហាមួយនាំជាការបង្កអសន្តិសុខក្នុងសង្គម និងធ្វើឲ្យមានរូបភាពមិនល្អពីសំណាក់អ្នកទេសចរផងដែរ។ ល្បែងផ្សងសំណាង ក៏ត្រូវបានគេចាត់ទុកថា ជាអំពើអបាយមុខ ដែលនាំឲ្យអ្នកលេងវា នឹងវិនាសជាក់ជាពុំខាន។

ដោយមើលឃើញភាពអវិជ្ជមានបែបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច។

ក្រោយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អភិបាលរាជធានី-ខេត្ត ក៏បានចេញប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវ លើដែនសមត្ថកិច្ចរបស់ខ្លួន។ ចំពោះខេត្តកំពង់ចាម ការអនុវត្តបទបញ្ជាសម្តេចធិបតី មានប្រសិទ្ធភាពយ៉ាងខ្លាំង ដោយគិតមកដល់ពេលនេះ ទីតាំងល្បែងផ្សងសំណាង ៤៩២ទីតាំង នៅក្នុងខេត្តនេះ ត្រូវបានបិទ និងមិនមានទីតាំងណា លួចបើកទៀតឡើយ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា «ទីតាំងដែលយើងបានបិទមកដល់ពេលនេះ មានចំនួន ៤៩២ទីតាំងហើយ។ ទីតាំងទាំងអស់នោះ បានបិទទាំងស្រុង ហើយមកដល់ពេលនេះ ពុំមានការលួចលាក់បើកទៀតទេ»

លោកអភិបាលខេត្ត ក៏បានណែនាំគណៈអភិបាលក្រុង-ស្រុក ឱ្យតាមដានមើលជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួនលើបញ្ហានេះ និងត្រូវធ្វើបច្ចុប្បន្នភាពមួយខែម្ដង ដើម្បីគ្រប់គ្រងបញ្ហាល្បែងស៊ីសងនេះនូវទីតាំងដែលបានបិទ ដោយធានាថា មិនឲ្យមានការលួចបើក ក្រោយបានបិទទាំងស្រុងរួចហើយ។

នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ និងនៅថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋបាលខេត្តកំពង់ចាម បាបិទទីតាំងល្បែងផ្សងសំណា ៤០៦ទីតាំង ក្នុងនោះមានទីតាំងមួយចំនួន បានស្ម័គ្រចិត្តបិទដោយខ្លួនឯងផងដែ។ ដោយសារ ការអនុវត្តបទបញ្ជាសម្តេចធិបតី យ៉ាងយកចិត្តទុកដាក់ ទើបខេត្តបានបន្តបិទរហូតដល់ ៤៩២ទីតាំង បើគិតដល់ពេលនេះ។

ប្រសិទ្ធភាពនៃការអនុវត្តបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង នៅខេត្តកំពង់ចាម ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកតាមដាននយោបាយ និងសង្គម អបអរសាទរ។ លោកបណ្ឌិត ថែមទាំងបានលើកទឹកចិត្តឲ្យបិទល្បែងខុសច្បាប់ ដោយធ្វើជាប្រចាំ និងមិនមែនធ្វើដើម្បីតែថតបង្ហាញក្នុងមួយខណៈពេលឡើយ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះរាជធានី-ខេត្ត ដែលបានចុះបិទទីតាំងល្បែងខុសច្បាប់ តាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ខ្ញុំសូមសាទរ ខ្ញុំឃើញថាមានប្រសិទ្ធភាព។ ប៉ុន្តែ យើងចង់ឲ្យប្រសិទ្ធភាពនៃការបង្ក្រាបនេះ វាមានជាប្រចាំ វាមិនមែនត្រូវតែពេលវេលាថ្មីៗ ជាបទបញ្ជាថ្មីៗ ក៏ធ្វើបង្ហាញថាបានធ្វើតាមបទបញ្ជា។ យើងចង់ឲ្យសមត្ថកិច្ចដែនដី អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត លើការបង្ក្រាបល្បែងដែលខុសច្បាប់នេះ ឲ្យធ្វើជាប្រចាំ ម្យ៉ាងធ្វើដោយមិនចាំបាច់មានបញ្ជានាយករដ្ឋមន្ត្រីផង បើតាមមែនទែន ព្រោះវាខុសច្បាប់ហើយ បើមិនមានច្បាប់ វាលែងតែមានការសុំច្បាប់ត្រឹមត្រូវ»

លោកបន្តថា កាលណាមានល្បែងខុសច្បាប់ វាមានបញ្ហាផ្សេងៗសម្រាប់សង្គមតែម្តង រួមមាន៖
* ទី១៖ បញ្ហាប្រជាពលរដ្ឋ ដែលលេង វានាំឲ្យខាតពេលប្រកបមុខរបរ និងការងារ
* ទី២៖ បើលេងទៅមានបញ្ហាផ្សេងទៀត​ ដូចជាកាលណាចាញ់ល្បែង ត្រូវខ្ចីបុល អាចបង្កករណីចោរកម្មផ្សេងទៀត
* ទី៣៖ បើមិនបានសុំច្បាប់ គឺខុសច្បាប់ ហើយរដ្ឋមិនបានអ្វីទាំងអស់ តែនាំឲ្យមានការបំពុលសង្គមទៅវិញ។

ការបង្ក្រាបល្បែងផ្សងសំណាងខុសច្បាប់ ត្រូវបានលោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច យកចិត្តទុកដាក់យ៉ាងខ្លាំង។ លោកស្រី បានអង្កេតឃើញថា មានម្ចាស់អាជីវកម្មមួយចំនួន បើកអាជីវកម្មល្បែងផ្សងសំណាង ដោយយករឿងសេដ្ឋកិច្ចក្រៅផ្លូវការ ធ្វើជាលេស។

លោកស្រីបណ្ឌិត បានពន្យល់ថា សេដ្ឋកិច្ចផ្លូវការ (formal economy) មានន័យថា រាល់សកម្មភាពសេដ្ឋកិច្ចណាដែលប្រព្រឹត្តទៅនៅក្នុងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងបង់សេវាសាធារណៈ និងបង់ពន្ធត្រឹមត្រូវ។ ចំណែកឯ សេដ្ឋកិច្ចស្រមោល/សេដ្ឋកិច្ចក្រៅផ្លូវការ (shadow economy/grey economy/undergro) មានន័យថា រាល់សកម្មភាពសេដ្ឋកិច្ចណា ដែលប្រព្រឹត្តទៅមិនស្ថិតក្រោមក្របខ័ណ្ឌច្បាប់ មិនអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ មិនបង់សេវាសាធារណៈ និងមិនបង់ពន្ធតាមច្បាប់ជាធរមាន។

លោកស្រីបណ្ឌិត ព្រុំ ទេវី បានបញ្ជាក់យ៉ាងដូច្នេះថា «នៅស្រុកយើងមិនខ្វះទេ អ្នករកស៊ីក្រៅប្រព័ន្ធ។ ពាក្យថា ក្រៅប្រព័ន្ធនោះរាប់តាំងពីអ្នកលក់ត្រកួនមួយបាច់ លក់ចេកមួយស្និត លក់ទឹកអំពៅ លក់ប៊ីយៀរមួយកេសជាដើម ដែលអត់មានចុះបញ្ជីអ្វីទេ។ ទាំងអស់នេះ បើដំណើរការទៅគ្មានបញ្ហា ក៏សុខសប្បាយទៅ។ អាហ្នឹង គេហៅថា រកស៊ីតិចតួចក្រៅប្រព័ន្ធ មានព្រោងព្រាត។ ហើយក៏ពុំខ្វះទេ អ្នកចាក់កន្ទុយលេខ វាមិនអត់ទេ អាហ្នឹងនៅក្នុងល្បែងដែរ។ សំខាន់ បើអត់មានបញ្ហាចេះតែសំងំទៅ»

លោកស្រីបានបន្តថា «ឧទាហរណ៍ ការកើតឡើងកន្លងមក ដូចជាហូបស្រាទៅពុល ហើយស្រានោះនរណាអ្នកលក់ គឺអ្នករកស៊ីក្រៅប្រព័ន្ធ។ អ្នកផលិតស្រាក្រៅប្រព័ន្ធ បើសិនជាមានបញ្ហាចាំផ្តើមជ្រួលច្របល់។ មានស្លាប់មានអី អីចឹងទៅ ដែលយើងធ្លាប់ឃើញ ក៏ប៉ុន្តែវាចាំតែមានហើយគ្រប់មុខទាំងអស់ ហើយយើងធ្វើអ្វីអត់ចេញទេ។ រាជរដ្ឋាភិបាលយើង នៅអនុញ្ញាតឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធដំណើរការ យើងធូរៗ ដើម្បីឲ្យអ្នកមានដើមទុនតិច គ្នាអាចចិញ្ចឹមជីវិតបាន»

ជាទស្សនៈលោកស្រីបណ្ឌិត ព្រុំ ទេវី ពួកបរទេស និយាយឲ្យចំទៅគឺចិន ពេលមកស្រុកយើង គឺគាត់ឆក់ឱកាសហ្នឹង។ ចំណុចធូររលុងរបស់ច្បាប់ គឺសេដ្ឋកិច្ចក្រៅប្រព័ន្ធ អីចឹងគាត់មកមិនមែនលក់ចេកអាំង ទឹកអំពៅ ឬលតឆាអីទេ តែបើកល្បែងផ្សងសំណាងតែម្តង។

លោកស្រីបណ្ឌិត បានលើកពីការសិក្សាថា កាលជំនាន់កូវីដ១៩ លោកស្រីបង្រៀនអនឡាញ ហើយមាននិស្សិតម្នាក់ពុំសូវរៀនទេ។ ក្រោយមក នៅពេលសួរនាំទៅ និស្សិតនោះប្រាប់ថា គាត់ធ្វើការឲ្យក្រុមហ៊ុនមួយលក់ទូរសព្ទជជុះមួយកន្លែង ហើយទោះជាពេលបិទខ្ទប់បែបនោះ ក៏មួយថ្ងៃអាចលក់បានតិចបំផុត ១០០គ្រឿងដែរ ខណៈអ្នកទិញគឺជនជាតិចិន ដែលមិនប្រើទូរសព្ទថ្មីៗឡើយ និងម្នាក់ៗប្រើដល់ទៅ ៨គ្រឿងឡើងទៅ។

លោកស្រីបណ្ឌិត បានបន្ថែមថា និស្សិតនេះ ជាបុគ្គលិកក្នុងហាងលក់ទូរសព្ទ មិនត្រូវបានអនុញ្ញាតឲ្យចេញទៅណាឡើយ ព្រោះបាយ និងទឹក មានអ្នកផ្គត់ផ្គង់ជាស្រេច។ និស្សិតនេះដែរ ជាមនុស្សតែម្នាក់ ដែលមានសិទ្ធិទៅយកពីអ្នកបោះដុំ ហេតុនេះមានន័យថា អ្នករកស៊ីអនឡាញមិនផ្លូវការ មានច្រើនណាស់។

បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង ទូទាំងប្រទេស បន្ទាប់ពីតារាកំប្លែង នាយគ្រឿង បានច្រៀង និងផលិតវីដេអូចម្រៀង ដើម្បីផ្សព្វផ្សាយឲ្យមហាជនលេងល្បែងអនឡាញ។ ដោយសារប្រតិកម្មខ្លាំងៗពីអ្នកជំនាញ និងមហាជនផងនោះ នាយគ្រឿងបានចេញវីដេអូសុំទោសជាសាធារណៈ និងសម្រេចលុបបទចម្រៀង ផ្សាយពីល្បែងអនឡាញនោះ ចេញពីបណ្តាញសង្គមវិញហើយ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

ករណីនេះ ក៏ត្រូវបានលោកស្រីបណ្ឌិត ព្រុំ ទេវី លើកឡើងថា ដោយសារតែអាជីវកម្មល្បែងផ្សងសំណាង ជ្រកនៅក្រោមពាក្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាល់តែមានបញ្ហាធំកើតឡើង ទើបមានការដោះស្រាយ។ ចំណុចនេះ រាជរដ្ឋាភិបាលក៏មិនខុស អ្នកផ្សព្វផ្សាយពីល្បែងក៏មិនអាចបន្ទោសបាន។

លោកស្រីបណ្ឌិត បានថ្លែងថា «បើគេយកតួអង្គមិនល្បីទៅផ្សព្វផ្សាយ ទៅខ្វះអីគេអាចប្រើកម្មវិធី AI និងរូបជាច្រើន ដើម្បីផ្សាយពីល្បែង។ នេះអត់មានបញ្ហាអ្វីទេ អាជីវកម្មចេះតែដំណើរការទៅ។ ប៉ុន្តែ ដល់ពេលយកតួល្បី ទៅផ្សាយពាណិជ្ជកម្ម ច្បាស់ជាមានរឿងហើយ។ តួល្បីយើង នៅពេលចង់បានលុយ អត់យល់ពីនិតិវិធី អត់ស្គាល់ពីខ្លួនឯងជាមនុស្សសាធារណៈ ច្បាស់ជាមានរឿង»

លោកស្រីបណ្ឌិត ព្រុំ ទេវី ក៏បានលើកជាទស្សនៈថា ចំពោះការស្តីប្រដៅ ទៅអ្នកចូលរួមផ្សាយពីល្បែង វាជារឿងល្អ និងឆាប់ចប់ ប៉ុន្តែ បើចង់ឲ្យស្អាតស្អំ និងកុំឲ្យមានបញ្ហាដដែលកើតឡើង មានតែសិក្សាអំពីអ្វីទៅដែលហៅថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តើវាត្រូវមាន ការអនុគ្រោះកម្រិតណា ក្នុងបរិបទណា ហើយធ្វើម៉េចទៀតទៅថ្ងៃក្រោយ ដើម្បីឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ថិតនៅក្នុងបរិបទមួយ ដែលអនុគ្រោះបាន។ លោកស្រីបានបន្តថា ការសិក្សាពីបញ្ហា ដើម្បីរកដំណោះស្រាយ ទើបជាយន្តការយូរអង្វែង។

លោកស្រី បានថ្លែងបញ្ជាក់ «បើគ្រាន់តែថា នាយគ្រឿនធ្វើខុសហើយ ក្រុមហ៊ុនហ្នឹងធ្វើខុសហើយ ត្រូវយកមកព្រមាន ពិន័យ ឈប់ឲ្យគាត់ធ្វើទៀត បានតែមួយករណីទេ។ ពេលបាត់នាយគ្រឿង ច្បាស់ជាចេញនាយ X ឬ Y មកទៀតហើយ។ ត្រូវមានវិធានការច្បាប់ បែបបទនៃការគ្រប់គ្រង។ នេះជាគំនិតរបស់ខ្ញុំ ប៉ុន្តែការសម្រេច គឺស្ថិតនៅលើរាជរដ្ឋាភិបាលដែរ»

បើតាមលោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អាជីវកម្មល្បែងផ្សងសំណាងដែលបានចុះបញ្ជី នៅឆ្នាំ២០២៣ គឺរក្សាចំនួន ២១ដដែល ដូចឆ្នាំ២០២២។ ដោយឡែក អាជីវកម្មកាស៊ីណូ ដែលបានចុះបញ្ជីក្នុងឆ្នាំ២០២៣ គឺមានការកើនឡើង ចំនួន៧ក្រុមហ៊ុនលើសពីឆ្នាំ២០២២ (កើនពី១៧៧ ដល់១៨៤)។

ចំពោះវិធានការសម្រាប់ការបង្ក្រាបរាល់សកម្មភាពផ្សាយពីល្បែងដោយខុសច្បាប់ ត្រូវបានលោក រស់ ភីរុណ បញ្ជាក់ រួមមាន៖
* ពង្រឹងការស្រាវជ្រាវពីប្រភពនៃប្រតិបត្តិការល្បែង និងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចាត់វិធានការតាមនីតិវិធី។
* បង្កើនយុទ្ធនាការអប់រំ និងណែនាំដល់សាធារណជន និងបុគ្គលពាក់ព័ន្ធទាំងអស់ ឲ្យយល់អំពីការប្រព្រឹត្ត ឬចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពល្បែងដែលខុសច្បាប់ គឺត្រូវប្រឈមនឹងទោសទណ្ឌតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង៕