(ភ្នំពេញ)៖ ស្ថានទូតជប៉ុន សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន បានរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន។

ពិធីនេះធ្វើឡើងនៅសាលអង្គរ-គីហ្សូណា ក្នុង CJCC ដោយមានការចូលរួមពី លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនទៀត ។

លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូត បានថ្លែងថា ក្នុងរយៈពេលប្រារព្ធខួបលើកទី៧០ កម្មវិធីនានាច្រើនជាង៧០ ដែលឆ្លុះបញ្ចាំងពីមិត្តភាពជប៉ុន និងកម្ពុជា ត្រូវបានប្រារព្ធឡើងតែនៅក្នុងប្រទេសកម្ពុជា និងមានអ្នកចូលរួមជាច្រើន។ តាមរយៈកម្មវិធីទាំងនោះ យើងបានបណ្តុះបន្ថែមនូវការយល់ដឹងពីគ្នាទៅវិញទៅមក ហើយជាលទ្ធផលមិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់។

លោកបានបន្ដថា ចាប់តាំងពីឆ្នាំ២០២៤ បានចាប់ផ្តើម យើងបានអបអរសាទរខួបលើកទី២០ នៃការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលបង្កើតដំបូងក្នុងឆ្នាំ២០០៤ ក្រោមការជួយគាំទ្រដោយរដ្ឋាភិបាលជប៉ុន។ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមកម្មវិធីសម្ពោធនាពេលនោះ និងបានបង្ហាញពីចំណាប់អារម្មណ៍ ការរំពឹងទុករបស់សម្តេច សម្រាប់ការអភិវឌ្ឍនៃ CJCC។

ជាង២០ឆ្នាំកន្លងមកនេះ CJCC បានពង្រីកនូវតួនាទីរបស់ខ្លួន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំងពីរ និងជាមជ្ឈមណ្ឌលសម្រាប់ការផ្លាស់ប្តូរធុរកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ។ ថ្មីៗនេះ CJCC ក៏បានរៀបចំវគ្គសិក្សាផ្ដោតលើធុរកិច្ច ភាសាជប៉ុន កម្មវិធីវប្បធម៌នានា និងសកម្មភាពជាច្រើនផ្សេងទៀត។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា CJCC នឹងបន្តជានិមិត្តរូបនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជាទីដែលប្រជាជនកម្ពុជាជាច្រើន នឹងបន្តមកទស្សនា និងប្រើប្រាស់ជារឿយៗ។ បន្ថែមពីនេះ លោកបានបន្ដទៀតថា សម្រាប់មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤នេះ បានជ្រើសរើសប្រធានថា «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដើម្បីចូលរួមប្រារព្ធខួបលើកទី២០ នៃការបង្កើត CJCC និងក្នុងរូបភាព គឺជាការបើកទំព័រថ្មីបន្តទៀត។

លោកបន្តទៀតថា ក្នុងរយៈពេលបីថ្ងៃបន្ទាប់ យើងនឹងរៀបចំសកម្មភាពវប្បធម៌ជាច្រើនដូចជា កម្មវិធីខូសផ្លេ សិក្ខាសាលារបាំអារ៉ាអូដូរី ការចែករំលែកព័ត៌មាន ស្តីពីអាហារូបករណ៍ ការសរសេរអក្សរផ្ចង់ជប៉ុន សិក្ខាសាលាធ្វើស៊ូស៊ី និងសកម្មភាពជាច្រើនទៀត។ លោកសង្ឃឹមថា អ្នកទាំងអស់គ្នានៅទីនេះ នឹងចូលរួមក្នុងកម្មវិធីដ៏ពិសេសទាំងនេះ និងរីករាយជាមួយនឹងវប្បធម៌ចម្រុះរបស់ជប៉ុន ព្រមទាំងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពី ទិដ្ឋភាពទាំងប្រពៃណី និង ទំនើបរបស់ជប៉ុន ដែលនាំឱ្យយើងមានអារម្មណ៍ស្និតស្នាលបន្ថែមទៀតជាមួយប្រទេសជប៉ុន៕