(ភ្នំពេញ)៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលមានរយៈពេល១៤ថ្ងៃ បានបិទបញ្ចប់ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ ប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ នេះបើតាមការបញ្ជាក់ នៅក្នុងសន្និសីទកាសែត បិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។

សន្និសីទសារព័ត៌មាននេះ បានធ្វើឡើងដោយ លោក សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅស្នាក់ការគ.ជ.ប នៅល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក សោម សូរីដា បានថ្លែងថា គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួមមាន៖ ទី១៖ គណបក្សប្រជាជនកម្ពុជា, ទី២៖ គណបក្ស ឆន្ទៈខ្មែរ, ទី៣៖ គណបក្សហ៊្វុនស៊ិនប៉ិច និងទី៤៖ គណបក្ស កម្លាំងជាតិ។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឱ្យដឹងថា អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលសរុបមានចំនួន ១១,៧៤៧រូប។ សម្រាប់ការបោះឆ្នោតនេះ ការឃោសនាបោះឆ្នោតត្រូវធ្វើនៅតាមមណ្ឌលភូមិភាគនីមួយៗ។ យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ហើយគ្រប់សកម្មភាពនៃការឃោសនាបោះឆ្នោតត្រូវចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។

លោកបានបន្តថា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត គណបក្សនយោបាយ និងបេក្ខជនទាំងអស់ត្រូវចៀសវាងប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើអ្នកបោះឆ្នោត ទៅលើគណបក្សនយោបាយ ឬបេក្ខជនដទៃទៀត។ គ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ មិនត្រូវញុះញង់អ្នកគាំទ្រ ឬអ្នកបោះឆ្នោតឱ្យប្រព្រឹត្តអំពើរំលោភ គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យទៅលើបុគ្គល ឬគណបក្សនយោបាយដទៃទៀតឡើយ។ គ្រប់គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជន អ្នកគាំទ្រ ឬលើបុគ្គលណាមួយឡើយ។ គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិត-បំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយឡើយ។

លោក សោម សូរីដា បានបញ្ជាក់ថា «ក្នុងរយៈពេល ១៤ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលភូមិភាគនីមួយៗ បានធ្វើសកម្មភាពឃោ សនារកសំឡេងឆ្នោតតាមមធ្យោ បាយរៀងៗខ្លួន ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ»

គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ជាអាទិ៍ ការហែក្បួនឃោសនា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងតាមឃុំ សង្កាត់ ការចែកខិត្តបណ្ណ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់ចល័តតាមភូមិជាដើម។

លើសពីនេះ លោកបានគូសបញ្ជាក់ថា គ.ជ.ប បានសង្កេតឃើញថាជាទូទៅ គ្រប់គណបក្សនយោបាយ បានជូនដំណឹង ជាប់លាប់មក គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគាត់ត្រូវធ្វើសកម្មភាពឃោសនា។ ដោយឡែក អាជ្ញាធរមូលដ្ឋាន ក៏បានខិតខំជួយសម្របសម្រួលដល់ការធ្វើសកម្មភាពឃោសនាដូចជា៖ ការការពារទីតាំងការរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេស បានជួយសម្រួលចរាចរតាមដងផ្លូវ នៅពេលមានការហែក្បួនឃោសនាជាដើម។   

ជារួមផ្អែកតាមរបាយការណ៍ដូចខាងលើ យើងអាចសន្និដ្ឋានបានថា ក្នុងរយៈពេល ១៤ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី ចំណុះភូមិភាគ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នា មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានី ខេត្ត នៃភូមិភាគនីមួយៗ៕