(បាត់ដំបង)៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ ខេត្តបាត់ដំបង។

ពិធីនេះធ្វើឡើងនៅសាលប្រជុំមជ្ឈមណ្ឌលសុភមង្គលក្រុងបាត់ដំបង ដោយមានការចូលរួមពី លោក សក់ សេដ្ឋា សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារបក្សចុះមូលដ្ឋានខេត្ត និងមានការចូលរួមពីសមាជិកសមាជិការដ្ឋសភា, សមាជិកគណៈកម្មាធិការគណបក្ស ក្រុង ស្រុក លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់នៅទូទាំងខេត្ត និងអង្គបោះឆ្នោត និងអ្នកពាក់ព័ន្ធចូលរួមទូទាំងខេត្ត ៣,១៣៦ នាក់ផងដែរ។

បន្ទាប់ពីបានបញ្ចប់យុទ្ធនាការឃោសនា១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ខែកុម្ភៈឆ្នាំ២០២៤ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ ដោយអង្គបោះឆ្នោតសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តបាត់ដំបងទាំង ៦៨៤រូប (ក្នុងនោះអ្នកតំណាងរាស្ត្រក្នុងតំណែង៨រូបនិងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់៦៧៦រូប) ដើម្បីត្រៀមខ្លួនបំពេញការបោះឆ្នោត នៅថ្ងៃអាទិត្យទី២៥ខែកុម្ភៈឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣ រសៀល៕