(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យឈាង រ៉ា ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងមីទ្ទីងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាមន្ទីរ​គណបក្សខណ្ឌសែនសុខ​ និងដឹកនាំក្បួនដង្ហែរតាមតម្រាយផ្លូវក្នុងមូលដ្ឋានសែនសុខផងដែរ។

ពិធីនេះក៏មានការចូលរួមពីលោក​ កើត​ ឆែ​ អនុប្រធានគណបក្សរាជធានីភ្នំពេញ​ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ​ លោក​សាស្ដ្រាចារ្យ ម៉ម​ ប៊ុន​ហេង​ អនុប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ​ លោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យឈាង រ៉ា បានមានមតិសំណេះសំណាល និងថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥។ លោកបានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាមួយការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារបានយ៉ាងរឹងមាំនូវសមិទ្ធផលនៃសង្គមជាតិ ព្រមទាំងការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជន។

ក្នុងអង្គមីទ្ទីងនេះដែរ លោកសាស្ដ្រាចារ្យក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ច្បាស់លាស់ រឹងមាំ របស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល ដែលបែងចែកជា ៨ភូមិភាគ និង៣៣ការិយាល័យបោះឆ្នោត៕

http://image.freshnewsasia.com/2021/id-022/fn-2024-02-23-20-34-39-4.JPG