(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា (Harapan Kita) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈយោគយល់គ្នា MoU លើកិច្ចសហប្រតិបត្តិការដើម្បីបញ្ជូនវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកទៅបណ្តុះបណ្តាលបន្ថែមនៅមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា និងការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺបេះដូង។

ការចុះអនុស្សារណៈនេះបានធ្វើឡើងក្នុងឱកាសបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការព្យាបាលជំងឺបេះដូងកាន់តែប្រសើរ» ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដោយមានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា, Dr. Iwan Dakota, Director of National Cardiovascular Center Harapan Kita, លោកសាស្ដ្រាចារ្យ​ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមន្ដ្រី បុគ្គលិកនៃមន្ទីរពេទ្យមួយចំនួនទៀត។

លោកសាស្រ្តាចារ្យ ងី ម៉េង បានថ្លែងក្នុងឱកាសបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ី ថា នៅឆ្នាំ២០២៤នេះ ជាលើកទី១ដែលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀបចំសន្និសីទនេះឡើង ក្នុងគោលបំណងដើម្បីបង្កើនចំនេះដឹង ពង្រឹងសមត្ថភាពរបស់គ្រូពេទ្យក្នុងការថែទាំសុខភាពបេះដូងរបស់អ្នកជំងឺ និងបន្តអភិវឌ្ឍន៍ចំណេះដឹងជំនាញថ្មីៗក្នុងការថែទាំ និងព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ជូនដល់អ្នកជំងឺ ព្រមទាំងការការពារហានិភ័យនានា ដែលអាចកើតមានឡើងសម្រាប់អ្នកជំងឺបេះដូង និងដើម្បីការពារ និងកាត់បន្ថយអត្រាកើតថ្មីនៃជំងឺបេះដូង និងសរសៃឈាមចំពោះប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

លោកបន្ដថា ចំណុចពិសេសនៃសន្និសិទនេះ គឺបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដែលមានប្រធានបទ ៨ប្រធានបទ ក្នុងនោះដែរមានវាគ្មិនពីមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា (Harapan Kita) ប្រទេសឥណ្ឌូនេស៊ី ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការថែទាំ និងព្យាបាលសុខភាពបេះដូង ដែលមានអ្នកចូលរួមវេជ្ជបណ្ឌិតមកមន្ទីរពេទ្យថ្នាក់ជាតិ ដែលមានអ្នកចូលរួមផ្ទាល់សរុប ១៥០នាក់។

លោកសាស្ដ្រាចារ្យក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោយចប់សន្និសីទនេះ មន្ដ្រី បុគ្គលិក នឹងទទួលបាននូវអ្វីៗដែលថ្មីៗ និងការចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីជំរុញឲ្យការការពារ និងព្យាបាលរបស់យើងកាន់តែមានប្រសិទ្ធិភាពខ្ពស់។

លោកនាយកមន្ទីរពេទ្យបានទៀតថា «នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ មានអ្នកជំងឺដែលមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤៧៤,២០៥ ករណី និងសម្រាកព្យាបាលមានចំនួន ៦១,៦៣៦នាក់ សរុបទាំងអស់ចំនួន ៥៣៥,៨៤១នាក់។ ក្នុងនោះមន្ទីរពេទ្យរបស់យើងក៏បានផ្ដល់សេវាផ្នែកជំងឺបេះដូង ប្រមាណជាង១ម៉ឺននាក់ផងដែរ ។ក្នុងនាមយើងជាមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត យើងបានប្រឹងប្រែងពង្រីកនូវផ្នែកអគារបេះដូង ដើម្បីធ្វើយ៉ាងម៉េចផ្ដល់សេវាជូនប្រជាពលរដ្ឋយើង ដែលមានបញ្ហាបេះដូង ដោយមានសហការជាមួយមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីជួយប្រជាពលរដ្ឋយើង ឱ្យទាន់ពេលវេលា និងព្យាបាលគាត់ប្រកបដោយប្រសិទ្ធិភាព»។

ជាមួយគ្នានោះ លោក Dr. Iwan Dakota បានគូសបញ្ជាក់ចំពោះការចុះ MOUនេះថា «ការចាប់ដៃគូជាមួយនឹងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតនៅពេលនេះ គឺបង្ហាញពីការរឹតចំណងមិត្ដភាពក្នុងប្រទេសបណ្ដាអាស៊ាន ការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមលើវិស័យបេះដូងនៅកម្ពុជា តាមរយៈបញ្ជូនអ្នកជំនាញមកបង្រៀនផ្ទាល់ និងបញ្ជូនបុគ្គលិកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ទៅសិក្សានៅឥណ្ឌូនេស៊ីផ្ទាល់ និងកិច្ចសហការស្រាវជ្រាវផ្សេងៗទៀត លើឯកទេសបេះដូងនេះ។ ពិសេសយើងក៏មានកិច្ចសហការក្នុងការបញ្ជូនអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ទៅព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិរបស់យើងផងដែរ»។

Dr. Iwan Dakota បានបន្ដថា មន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា បានបង្កើតឡើងជិត៤០ឆ្នាំ សព្វថ្ងៃមន្ទីរពេទ្យដ៏ធំ និងមានបទពិសោធន៍មួយនេះ មានគ្រែអ្នកជំងឺរហូតដល់ទៅ ៥០០គ្រែ
គ្រោងនឹងពង្រីកទៅ ៧០០គ្រែ មានគិលានុបដ្ឋាក ១ពាន់នាក់ គ្រូពេទ្យេឯកទេសបេះដូង ចំនួន ២០០នាក់ ហើយបានពង្រីកនៅតាមបណ្ដាខេត្ដនានានៅប្រទេសឥណ្ឌូនេស៊ីទៀតផង៕