(ព្រះវិហារ)៖ លោក ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍​ គណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤​ នៅស្រុករវៀង ខេត្តព្រះវិហារ។

ពិធីនេះក៏មានការចូលរួមពីលោក នាង ផាត ប្រធានសមាជិកព្រឹទ្ធសភាភូមិភាគទី៨ លោក ហួត ឈាង អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក អ៊ុក គឹមសាន សមាជិកគណៈគម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សខេត្ត ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុករវៀង និងថ្នាក់ដឹកនាំគណបក្សស្រុក គណបក្សឃុំ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះដែរ លោក ម៉ៅ សុផាន់ បានថ្លែងថា រយៈពេល១៤ថ្ងៃកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការទៅយ៉ាងរលូន ដោយគោរពបានខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បង្កើតបាននូវបរិយាកាសសាមគ្គីជិតស្និត មានការទទួលខុសត្រូវខ្ពស់ និងសុទិដ្ឋិនិយមខ្ពស់ ចំពោះជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ម៉ៅ សុផាន់ បានថ្លែងបញ្ជាក់ថា៖គ្រប់ការបោះឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជាតែងដាក់ចេញនូវកម្មវិធីនយោបាយមួយដែលត្រឹមត្រូវ និងស្របតាមសភាពការណ៍ជាក់ស្តែង របស់ប្រទេសជាតិក្នុងដំណាក់កាលនីមួយៗ។លើសពីនេះគណបក្សអនុវត្តគោលនយោបាយការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយភាពទន់ភ្លន់ និងម៉ឺងម៉ាត់ ការពារបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីបានយ៉ាងគត់មត់តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។

លោកថ្លែងបន្ថែមថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយធំៗ ជាអាទិ៍ ជ្រោងទង់មហាសាមគ្គីជាតិ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថែរក្សាសន្តិភាព និងកេរ្ត៍ដំណែលជាប្រវត្តិសាស្ត្ររបស់គណបក្ស ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានរឹងមាំ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បន្តជំរុញការកែទម្រង់រដ្ឋស៊ីជម្រៅ ពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ រក្សាស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម រក្សាស្ថិរភាព និងគុណភាពរស់នៅ របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ សូមអង្គបោះឆ្នោតទាំងអស់ត្រៀមឯកសារពាក់ព័ន្ធ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបានចូលរួមបោះឆ្នោត និងត្រូវបោះឆ្នោតជូនសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១ និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។

លោក ម៉ៅ សុផាន់ និងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យស្នាក់ការគណបក្សឃុំរមទម ឃុំរស្មី និងឃុំរំដោះ ស្រុករវៀង ដើម្បីសាងសង់អគារបេតុងថ្មី
ជំនួសអគារឈើ និងបំពាក់សម្ភារៈបរិក្ខាផងដែរ។ហើយលោកក៏បន្តចុះពិនិត្យមណ្ឌុលសុខភាពស្រុករវៀង និងសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌុលសុខភាព ព្រមទាំងនឹងផ្តល់រថយន្តសង្រ្គោះ១គ្រឿង ក៏ដូចជាសម្ភារៈ បរិក្ខាមួយចំនួនផងដែរ៕