(កោះកុង)៖ លោក ប៊ុន លើត អនុប្រធានការងារគណៈកម្មាធិការកណ្ដាលចុះមូលដ្ឋានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅបរិវេនស្នាក់ការគណបក្សប្រជាជនខេត្តកោះកុង។​ ការបិទយុទ្ធនាការឃោសនានេះ ក៏មានការចូលរួមពីសមាជិកព្រឹទ្ធសភា និងជាបេក្ខភាពឈរឈ្មោះសមាជិកព្រឹទ្ធសភាអាណត្តិទី៥ និងសមាជិក សមាជិការគណបក្សជាច្រើននាក់ផងដែរ។​

ថ្លែងក្នុងឱកាសនោះ លោក ប៊ុន លើត បានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាមួយការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារបានយ៉ាងរឹងមាំនូវសមិទ្ធផលនៃសង្គមជាតិ ព្រមទាំងការពារឯករាជ្យជាតិ អធិបតេយ្យជាតិ ការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជន។

លោកបាន​ផ្តាំផ្ញើដល់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់​ សូមរួបរួមសាមគ្គីគ្នារួមគ្នាការពារសន្តិភាពនិងដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ច្បាស់លាស់ រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។​

លោកបានរំលឹកនូវសាររបស់សម្តេចប្រធានគណបក្ស ដែលបានរំលឹកដល់អង្គបោះឆ្នោតទាំងអស់ ឲ្យគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផល នៃការបោះឆ្នោត និងបានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមថែរក្សាសុខភាព និងពិនិត្យឯកសារពាក់ព័ន្ធបម្រើឲ្យការបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល៕