(រតនគិរី)៖ លោក មួង ប៉យ សមាជិកព្រឹទ្ធសភា និងជាបេក្ខភាពឈរឈ្មោះសមាជិកព្រឹទ្ធសភាអាណត្តិទី៥ និងលោក ញ៉ែម សំអឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត។

ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាមួយការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារបានយ៉ាងរឹងមាំនូវសមិទ្ធផលនៃសង្គមជាតិ ព្រមទាំងការពារឯករាជ្យជាតិ អធិបតេយ្យជាតិ ការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជន។

លោកបាន​ផ្តាំផ្ញើដល់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់​ សូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ច្បាស់លាស់ រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។​ លោកបានរំលឹកនូវសាររបស់សម្តេចប្រធានគណបក្ស ដល់អង្គបោះឆ្នោតទាំងអស់ ឲ្យគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត និងបានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមថែរក្សាសុខភាព និងពិនិត្យឯកសារពាក់ព័ន្ធបម្រើឲ្យការបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល ដែលបែងចែកជា ៨ភូមិភាគ និង៣៣ការិយាល័យបោះឆ្នោត៕