(ភ្នំពេញ)៖ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (ហៅអ៊ុង អ៉ីង) ប្រធានគណបក្សភឿថៃ ដែលជាកូនស្រីរបស់ លោក ថាក់ ស៊ីន បានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយឆ្លើយតបចំពោះការអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។

តាមលិខិតដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាន លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា បានសម្ដែងការអរគុណចំពោះលិខិតអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។ លោកស្រី បានលើកឡើងថា « ខ្ញុំសូមសម្ដែងការអរគុណចំពោះលិខិតអញ្ជើញរបស់សម្តេច។ ជាលក្ខខណៈឯកជន ស​ម្តេចប្រៀបដូចជាពូរបស់ខ្ញុំ ហើយដែលដំណើរទស្សនកិច្ចរបស់លោកពូជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងប្រទេសថៃ បានប្រព្រឹត្តទៅដោយភាពរីករាយ និងកក់ក្ដៅ។ ចាប់តាំងពីរដ្ឋាភិបាលរបស់គណបក្ស Thai Rak Thai មកទល់នឹងបច្ចុប្បន្ន ខ្ញុំបានសង្កេតឃើញពីកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យរវាងគណបក្សយើងទាំង២ ដែលបានចូលរួមចំណែកផ្ដល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនរបស់ពួកយើង ហើយ សព្វថ្ងៃខ្ញុំត្រូវបានតែងតាំងជាប្រធានគណបក្សភឿថៃ ខ្ញុំនឹងបន្តពង្រឹងទំនាក់ទំនងដ៏អស្ចារ្យរវាងគណបក្សរបស់យើងទាំង២ និងកិច្ចសហប្រតិបត្តិការជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច ប្រជាជន និងប្រជាជន។ ដូច្នេះខ្ញុំមានកិត្តិយសសូមទទួលយកការអញ្ជើញរបស់សម្តេចដើម្បីបំពេញទស្សនកិច្ចផ្លូវការទៅកាន់ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤»។

សូមបញ្ជាក់ថា លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (ហៅអ៊ុង អ៉ីង) ប្រធានគណបក្សតឿថៃ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែមីនា ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាង គណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហ ប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ហៅ អ៊ុង អ៉ីង នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕