(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល។

គំនិតផ្តួចផ្តើមរួមគ្នាមួយនេះធ្វើឡើង គឺដើម្បីធានាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល និងធានាថាសហគមន៍មូលដ្ឋានគឺជាអ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ក្នុងការចូលរួមកិច្ចគាំពារ និងអភិរក្សរយៈពេលវែង។

ពិធីប្រកាសនេះបានធ្វើឡើងនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលខេត្ត តំណាងអង្គការដៃគូ អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

លោក ជួប ប៉ារីស៍ បានថ្លែងថា៖ «កិច្ចសហប្រតិបត្តិការនេះ គឺអនុលោមជាមួយនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន និងគោលដៅយុទ្ធសាស្ត្រទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលកំពុងប្រែក្លាយសង្គមកម្ពុជាទៅជា ប្រទេសអព្យាក្រឹតកាបូន ដែលមានគម្របព្រៃឈើ ៦០ភាគរយនៅឆ្នាំ២០៥០។ គម្រោងទាំងនេះ គឺចូលរួមបង្កើនគម្រប់ព្រៃឈើ ភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ វប្បធម៌ និងធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព»។

លោក អ៊ុ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានថ្លែងថា៖ «ការងាររបស់អង្គការអភិរក្សអន្តរជាតិនៅកម្ពុជាបាន អនុវត្តការងារអភិរក្ស និងការពារធនធានធម្មជាតិនៅជួរតំបន់ភ្នំក្រវាញកណ្តាលអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ខណៈពេលដែលយើងជួយរាជរដ្ឋាភិបាលក្នុងការបង្កើតព្រៃការពារនេះ។ ដោយមានការការវិនិយោគ ពីវិស័យសាធារណៈ និងឯកជនយើងបានទទួល ធនធាន ដើម្បីសម្រេចបាននូវសេចក្តីប៉ងប្រាថ្នារបស់យើង ក្នុងការអភិរក្ស និងការអភិវឌ្ឍរួមគ្នាប្រកបដោយនិរន្តរភាពសម្រាប់មនុស្ស និងធម្មជាតិនៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល»។

កម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាលបានទទួលនូវការប្តេជ្ញាចិត្តក្នុងការផ្តល់មូលនិធិរយៈពេល ១៥ឆ្នាំ ពីមូលនិធិកេរតំណែលតំបន់ទេសភាព (LLF) ដែលបង្កើតឡើងដោយក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់អាល្លឺម៉ង។

ភារធារីស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃតំបន់អភិរក្សត្រូវបានទទួលស្គាល់ ថាជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារតំបន់ទេសភាព ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃ។

លោកស្រី Stefanie Lang នាយកប្រតិបត្តិនៃមូលនិធិកេរតំណែលតំបន់ទេសភាព (LLF) បានស្វាគមន៍ក្រុមហ៊ុន Procter & Gamble ក្នុងនាមជាក្រុមហ៊ុនឯកជនដំបូងគេ ក្នុងការខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះដ៏មានតម្លៃនៅក្នុងប្រទេសកំពុងអភិវឌ្ឍតាមរយៈភាពជាដៃគូសាធារណៈ និងឯកជន។ សម្រាប់រយៈពេលប្រាំឆ្នាំដំបូងកម្មវិធីនេះនឹងត្រូវបានសហការផ្តល់មូលនិធិពីក្រុមហ៊ុន Procter & Gamble Co.។

លោកស្រី Ashley Kuhn នាយកជាន់ខ្ពស់ផ្នែកធម្មជាតិ និងជីវៈចម្រុះ នៃក្រុមហ៊ុន Procter & Gamble Co. បានឱ្យដឹងថា «ក្រុមហ៊ុន Procter & Gamble មានមោទនភាពក្នុងការគាំទ្រការអភិរក្សដែលរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីជួយឱ្យជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានកាន់តែប្រសើរឡើង និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។

សូមបញ្ជាក់ថា អង្គការអភិរក្សអន្តរជាតិ បានចាប់ដៃគូជាមួយ USAID-មរតកបៃតងផងដែរ ក្នុងការគាំទ្រការអនុវត្តគម្រោងរេដបូក ជួរភ្នំក្រវាញកណ្តាល៕