(តាកែវ)៖ ក្នុងឆ្នាំ២០២២ អូស្ត្រាលី បានផ្តល់មូលនិធិសម្រាប់គម្រោងស្រាវជ្រាវមួយតាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ដើម្បីបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ ក្នុងស្រុកពូជស្គួយ (Skouy) ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាច្នៃប្រឌិតដល់ កសិករចិញ្ចឹមមាន់នៅកម្ពុជា។

គម្រោងនេះដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយដែលមានផលិតភាពខ្ពស់ ហើយកូនមាន់ក៏អាចលក់បានក្នុងតម្លៃខ្ពស់។ កម្មវិធីនេះកំពុងផ្តល់កសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។

ក្នុងឱកាសចុះទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមពូជមាន់ស្គួយក្នុងមូលដ្ឋានស្រុកតាំកក់ ខេត្តតាកែវ នៅពេលថ្មីៗនេះ លោកស្រីបណ្ឌិត Anna Okello Ann ដែលជាអ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានឱ្យដឹងថា «សម្រាប់គម្រោងបង្កាត់ពូជមាន់ ជាគម្រោងទី១ តំបន់អាស៉ីអាគ្នេយ៍ ខណៈកម្ពុជា ត្រូវបានគម្រោងជ្រើសរើសយកពូជមាន់ស្គួយ ដែលជាមាន់ក្នុងស្រុកសម្រាប់បង្កាត់ ដោយរំពឹងថាកសិករកម្ពុជា នឹងទទួលបានពូជមាន់ស្គួយសុទ្ធដើម្បីចែកចាយ ក្នុងន័យលើកស្ទួយសេដ្ឋកិច្ចគ្រួសារ»

លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការនៅក្នុងគម្រោងមួយ ដែលពាក់ព័ន្ធនឹងអ្នកជំនាញបង្កាត់ពូជសត្វជនជាតិអាហ្វ្រិកមកពី ILRI និងអ្នកបច្ចេកទេសក្នុងប្រទេសកម្ពុជា។ លោកស្រីបានពន្យល់ពីរបៀប ដែលកិច្ចសហការនេះ អាចនាំទៅដល់ការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជន ជាពិសេសស្ត្រីដែលជាអ្នកចិញ្ចឹមមាន់ផ្ទាល់តែម្តង។

ដោយឡែកសម្រាប់លោកបណ្ឌិត Wondmeneh Esatu សមាជិកគម្រោង និងជាអ្នកវិទ្យាសាស្ត្រផ្នែកពន្ធុវិទ្យា និងបង្កាត់ពូជសត្វ នៅវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) បានឱ្យដឹងថា មូលហេតុដែលក្រុមការងារជំនាញបច្ចេកទេស សម្រេចជ្រើសរពូជមាន់ស្គួយ ដោយសារតែប្រភេទពូជមាននេះមានសក្តានុពលខ្លាំងលើទីផ្សារ មានន័យថា មានទីផ្សារល្អ និងងាយស្រួលក្នុងការចិញ្ចឹម ក៏ប៉ុន្តែ ទន្ទឹមនឹងនេះដែរ ការលូតលាស់ ការផ្តល់ស៊ុត នៅមានកម្រិតដែលត្រូវការបញ្ចូលបច្ចេកទេសអភិវឌ្ឍពូជ ដើម្បីធ្វើឱ្យពូជមានស្គួយនេះលូតលាស់លឿនជាងមុន។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា សម្រាប់ការបង្កាត់ពូជមាន់ស្គួយនេះ គឺត្រូវការពេលវេលា និងច្រើនជំនាន់ មានន័យថា មេ បា ដែលបង្កាត់ ​និងទម្លាក់ស៊ុត ពីរ ឬ៣ជំនាន់ ទើបអាចទទួលបានពូជមានស្គួយសុទ្ធតែម្តង។ ត្រង់ចំណុចនេះ លោកបានពន្យល់ថា មិនមែនមាន់ដែលយកមកបង្កាត់ពូជនេះមិនមែនជាពូជមាន់ស្គួយនោះទេ ប៉ុន្តែ ការបង្កាត់នេះធ្វើឡើងក្នុងគោលបំណងឱ្យពូជមានស្គួយនេះកាន់ល្អបន្ថែមទៀត។

លោក Tadelle Dessie អ្នកវិទ្យាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) បានបញ្ជាក់ថា ជុំវិញបទពិសោធន៍បង្កាត់ពូជមាន់រយៈពេល៣២ឆ្នាំនៅទ្វីបអាហ្វ្រិក ដូច្នេះ លោកចង់ចែករំលែកចំណេះដឹងនេះដល់កសិករកម្ពុជា ដែលជាប្រទេសកម្ពុជា កំពុងអភិវឌ្ឍន៍។

លោកបានបន្តថា សម្រាប់គម្រោងបង្កាត់ពូជមានស្គួយ ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលអូស្ត្រាលី គឺជាគម្រោងទី១ នៅកម្ពុជា មានរយៈពេល៤ឆ្នាំ ដែលកំពុងអនុវត្តលើគ្រួសារចំនួន៣ ក្នុងស្រុកត្រាំកក់ ខេត្តកែវ ប៉ុន្តែ អ្នកកំពុងសិក្សាជាមួយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) និងដៃគូក្នុងប្រទេសកម្ពុជាមួយចំនួន ដើម្បីពង្រីកទៅកាន់ខេត្តចំនួន៥ទៀត នៅដំណាក់កាលបន្ទាប់។

អ្នកជំនាញផ្នែកបង្កាត់ពូជមាន់របស់អាហ្វ្រិករូបនេះ ក៏បានបញ្ជាក់ពីមូលហេតុដែលក្រុមការងារសម្រេចជ្រើសរើសប្រទេសកម្ពុជា ដោយសារតែកម្ពុជា ជាប្រទេសមួយដែលសម្បូរដោយពូជមាន់ដើម ក្នុងនោះក្រុមការងារបានសម្រេចជ្រើសរើសពូជមាន់ស្គួយ ដោយសារតែពូជមាន់ស្គួយមានការវិវត្តលឿន ធន់នឹងការប្រែប្រួលអាកាសធាតុជាដើម។

គម្រោងនេះ បានធ្វើការជាមួយកសិករ ក្នុងគោលបំណងអភិវឌ្ឍពូជមាន់ស្គួយ។ កសិករដែលចូលរួមត្រូវបានបណ្តុះបណ្តាលបច្ចេកទេស ក្នុងការគ្រប់គ្រងមេបាពូជមាន់ វិធានការការពារជីវសុវត្ថិភាព បច្ចេកទេសបង្កាត់សិប្បនិម្មិត និងការកត់ត្រាទិន្នន័យក្នុងកសិដ្ឋានបង្កាត់ពូជ។
ក្នុងរយៈពេលមួយឆ្នាំ គម្រោងនេះបានអភិវឌ្ឍពូជមាន់ស្គួយ ជំនាន់ដំបូងដោយជោគជ័យ។ ពូជនេះត្រូវបានកែលម្អដើម្បីបង្កើនផលិតភាព ភាពធន់ ដើម្បីបង្កើនផលិតកម្មមាន់សម្រាប់កសិករ។ តម្លៃមាន់ស្កួយ បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ៥ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈពងរបស់វាមានតម្លៃ ០,៣ដុល្លារ។ មេបាពូជរបស់ពូជស្គួយ ត្រូវបានលក់ក្នុងតម្លៃប្រហែល ១៥ដុល្លារក្នុង១ក្បាល៕