(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក រ៉ាជីវ ប្រាដាន (Rajiv PRADHAN) នាយកប្រចាំប្រទេសកម្ពុជានៃមូលនិធីThe Dariu Foundation របស់ប្រទេសស្វីស នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះអនុស្សរណៈស្តីអំពីគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលដើម្បីឱ្យយុវជន និងសិស្សនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ទទួលបានការអប់រំផ្នែកឌីជីថលដើម្បីផលិតភាពការងារក្នុងសង្គមការងារផ្នែកសេដ្ឋកិច្ចឌីជីថល។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គម្រោងនេះ នឹងផ្តល់អាទិភាពផ្តោតលើការកែលម្អការអប់រំសម្រាប់យុវជន និងសិស្សនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានបំណងចូលទីផ្សារការងារដើម្បីផលិតភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថល ភាពជាសហគ្រិនដោយផ្សារភ្ជាប់ជាមួយឌីជីថល ឬបន្តការសិក្សាបន្ថែមទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។

ការចុះអនុស្សរណៈនេះ គឺស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលប្រាំឆ្នាំពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពពលរដ្ឋកម្ពុជាក្នុងយុគ្គសម័យឌីជីថល ហើយការចុះអនុស្សរណៈនេះ ក៏ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះដែលបានផ្តោតសំខាន់លើធនធានមនុស្ស និងបច្ចេកវិទ្យាផងដែរ៕