(ភ្នំពេញ)៖ តាមការគ្រោងទុក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុន តាមរយៈតំណាងរបស់ខ្លួននឹងចុះហត្ថលេខាផ្តល់ជំនួយជាថវិកាចំនួន ៧៦៨,៦២៧ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួន៣ ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

គម្រោងទាំង៣នេះរួមមាន៖

ទី១៖ ថវិកាចំនួន ១៦០,១៤០ដុល្លារអាមេរិក សម្រាប់ «ការលើកកម្ពស់ការអប់រំបរិស្ថាន សម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា» ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen (NCR)។

ទី២៖ ថវិកាចំនួន ៤១៤,៧៥៦ដុល្លារអាមេរិក សម្រាប់ «កែលម្អលទ្ធភាពទទួលបាន និងគុណភាពន ការអប់រំកុមារតូច របស់សាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ» ស្ថាប័នទទួលជំនួយ៖ អង្គការសន្តិស្ម័គ្រចិត្ត (SVA)។

និងទី៣៖ ថវិកាចំនួន ១៩៣,៧៣១ដុល្លារអាមេរិក សម្រាប់ «គម្រោងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រ នៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងការអនុវត្តការវះកាត់»

ស្ថាប័នទទួលជំនួយ៖ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) កិច្ចសន្យាផ្តល់ជំនួយនឹងត្រូវចុះហត្ថលេខាដោយ លោក តានីណៃ ម៉ីឈិតូមុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនីមួយៗ នៅស្ថានទូតជប៉ុន៕