(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតខេត្ត និងក្រុមការងារ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចុះពិនិត្យមើលសកម្មភាពនៃការរៀបចំការិយាល័យបោះឆ្នោត ការរៀបចំការពារសន្តិសុខ សុវត្ថិភាព សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីតាំងសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ងួន រតនៈ បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវត្រួតពិនិត្យ និងការពារសុខសុវត្ថិភាពឱ្យបានល្អប្រសើរជាពិសេសធ្វើយ៉ាងណាឱ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនត្រឹមត្រូវ និងយុត្តិធម៌។

សូមបញ្ជាក់ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល។ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។

សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន ៦២រូប ក្នុងនោះ៖

*សមាជិកព្រឹទ្ធសភា ចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ
*សមាជិកព្រឹទ្ធសភា ចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប
*សមាជិកព្រឹទ្ធសភា ចំនួន ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

ចំពោះមណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖

*ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ
*ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ
*ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ
*ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ
*ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ
*ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ
*ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ
*ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ៕