(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានសិក្សា ដែលបានដំណើរការរយៈពេល៣ថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានបិទបញ្ចប់ហើយប្រកបដោយលទ្ធផលល្អប្រសើរ។

នេះបើតាមការបញ្ជាក់តាមរយៈកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍ បណ្តាញយុវជន កាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានសិក្សា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា តាមរយៈការវាយតម្លៃបានឃើញថា ការចូលរួមរបស់ទីប្រឹក្សា និងប្រធានក្លឹមយុវជនក្នុងវគ្គទាំង៣ថ្ងៃនេះ គឺគាត់យកចិត្ដទុកដាក់ក្នុងការស្រូបយកនូវចំណេះដឹង ដែលយើងបានផ្ដល់ជូនគាត់ ហើយនៅតាមរយៈកម្មវិធីនេះ អ្វីដែលគ្រូបង្គោលបានបណ្ដុះបណ្ដាល យុវជនយើងបានយកអនុវត្ដនៅថ្ងៃទី៣នៃវគ្គបណ្ដុះបណ្ដាល ដែលបង្ហាញឱ្យឃើញថា លទ្ធផលរបស់គាត់គឺល្អ អាចទទួលយកបាន ត្បិតវគ្គបណ្ដុះបណ្ដាលនេះមានក្នុងរយៈពេលខ្លីក៏ដោយ។

លោកស្រីបានបន្ដថា «យើងជឿជាក់ទៅលើចំណេះដឹងដែលពួកគាត់ទទួលបានពីអ្វីដែលយើងផ្ដល់ជូនគាត់ តាមរយៈការអនុវត្ដន៍ផ្ទាល់នៅចុងក្រោយនៃការបណ្ដុះបណ្ដាល ។ក្នុងចំណោមយុវជនទាំង៧៣នាក់ ដែលទទួលបានការវគ្គបណ្ដុះបណ្ដាលនេះ យើងបានវាយតម្លៃទាំងមុនពេលដំណើរ និងក្រោយពេលដំណើរការ គឺឃើញថាក្រោយទទួលបានការបណ្ដុះបណ្ដាលនេះ គឺអាចធ្វើបានដោយទទួលបានលទ្ធផលល្អផងដែរ»

លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងទៀតថា ក្នុងរយៈពេល៣ថ្ងៃនេះ អ្វីដែលជាការចាប់អារម្មណ៍ជាងគេ គឺមានចាប់អារម្មណ៍ជាងគេ លើវិជ្ជាសង្គ្រោះបឋម លើផ្នែក២ធំជាច្រើនទៀត ដែលវិជ្ជានេះ។

ជុំវិញនឹងវិជ្ជាសង្គ្រោះបឋមនេះ លោក ថេរ៉ាវុធ ថារ៉ូលីន ប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា តំណាងឱ្យសិក្ខាកាមទាំងអស់ដែលបានចូលរួម បានលើកឡើងថា «ក្នុងរយៈពេល៣ថ្ងៃនៃការបណ្ដុះបណ្ដាលនេះ ខ្ញុំចូលចិត្ដជាងគេ គឺផ្នែកវិជ្ជាសង្គ្រោះបឋម ដោយសារតែវិជ្ជាសង្គ្រោះបឋមនេះ ជាផ្នែកមួយដ៏ល្អ ដែលអាចយកទៅជួយសង្គ្រោះខ្លួនឯងបានហើយ និងជួយអ្នកដទៃដែលកំពុងរងគ្រោះ»។ ទន្ទឹមនឹងនោះប្រធានក្លឹបយុវជនរូបនេះ ក៏បង្ហាញពីការសង្គ្រោះវិធីសង្គ្រោះបឋមនៅពេលឈាមច្រមុះផងដែរ៕

សូមទស្សនាវីដេអូកិច្ចសម្ភាសជាមួយលោកស្រី ម៉ែន នារីសោភ័គ និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជាដូចតទៅ៖