(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ គឺជាទីផ្ដល់ចំណេះដឹងពីប្រវត្តិសាស្ត្រ ប្រវត្តិសេដ្ឋកិច្ច ប្រវត្តិប្រើប្រាស់រូបិយវត្ថុនៅលើដែនដីខ្មែរតាំងពីបុព្វកាល ព្រមទាំងចំណេះដឹងប្រវត្តិសាស្ត្រនាសម័យការទាមទារឯករាជ្យ ការបង្កើតក្រដាសប្រាក់រៀលលើកដំបូង ការធ្លាក់ចុះនិងការបំផ្លាញ ក៏ដូចជាការកសាងឡើងវិញនូវសង្គមនិងសេដ្ឋកិច្ចកម្ពុជា ពិសេសគឺប្រវត្តិនៃការជួញដូររបស់ជនជាតិខ្មែរតាំងពីដើម និងការវិវត្តនៃការប្រើប្រាស់រូបិយវត្ថុរបស់ខ្មែរក្នុងរយៈពេល២,០០០ឆ្នាំមកនេះ។

សារមន្ទីរ ស.ស.រ បើកទ្វារជាសាធារណៈតាំងពីឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែដើម្បីកែលម្អឱ្យកាន់តែល្អប្រសើរ សារមន្ទីរបានរៀបចំឱ្យមានសាលពិព័រណ៍ថ្មីមួយទៀតកាន់តែប្រសើរជាងមុន ហើយត្រូវបានបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ជា ចាន់តូ ទេសាភិបាលកិត្តិយសនៃធនាគារជាតិនៃកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Blaise Kilian សហប្រធានសារមន្ទីរ ស.ស.រ បានឱ្យដឹងថា ការរៀបចំសាលពិព័រណ៍អចិន្ត្រៃយ៍នេះ គឺដើម្បីបង្ហាញអំពីប្រវត្តិសាស្ត្រ ប្រវត្តិសេដ្ឋកិច្ចកម្ពុជានាសម័យឯករាជ្យ សម័យសាធារណរដ្ឋខ្មែរ និងសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ជាពិសេសសារមន្ទីរមានគោលបំណងបង្ហាញអំពីស្នាព្រះហស្ដជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ក្នុងការតស៊ូទាមទារឯករាជ្យជាតិ ការបង្កើតធនាគារជាតិនៃកម្ពុជា និងការបង្កើតប្រាក់រៀល។

លោកបានបន្តថា នៅក្នុងសាលនៃសម័យកាលទាំង៣នេះ មានតាំងបង្ហាញរូបភាពជាង៦០ផ្ទាំង សុទ្ធតែជារូបភាពមានតម្លៃជាប្រវត្តិសាស្ត្រដែលប្រមូលបានស្ថាប័នជាតិបណ្ណាសារនៅប្រទេសបារាំង និងប្រទេសផ្សេងទៀត។ ម្យ៉ាងវិញទៀត ក៏មានជាឯកសារភាពយន្តដែលសារមន្ទីរ ស.ស.រ ​បានផលិតដោយខ្លួនឯង តាមរយៈការប្រមូលឯកសារ ហើយចងក្រងផ្គុំគ្នាឡើងវិញ ក្នុងនោះមានភាពយន្តឯកសារចំនួ៥ខ្សែ។ លើសពីនេះ ក៏មានតាំងបង្ហាញវត្ថុពិព័រណ៍ ដូចជា កាក់ ក្រដាសប្រាក់ ឧបករណ៍អំពីលោហៈជាច្រើន សរុបប្រមាណជាង១០០ទៀត។ ក៏មានដែរនូវផ្ទាំងអត្ថបទពន្យល់អំពីវត្ថុពិព័រណ៍នានា ព្រមទាំងផ្ទាំងអេក្រង់ចុចដែលភ្ញៀវអាចចុចមើលឯកសារ រូបភាពដោយខ្លួនឯង។

លោក Blaise Kilian បានបញ្ជាក់ថា ពិព័រណ៍នៃសម័យកាលទាំង៣នេះដែរ គឺបង្ហាញប្រវត្តិសេដ្ឋកិច្ច វប្បធម៌ ការទាមទារឯករាជ្យ ការកសាងសេដ្ឋកិច្ចជាតិនៅសម័យសង្គមរាស្ត្រនិយម។ បន្ទាប់គឺផលវិបាកនៃសង្គ្រាមក្នុងរបបសាធារណរដ្ឋខ្មែរ លុន ណល់ និងការបំផ្លាញប្រទេសជាតិទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។

គួរជម្រាបថា សារមន្ទីរ ស.ស.រ បើកឱ្យភ្ញៀវចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ (បិទនៅថ្ងៃចន្ទ) និងឈប់សម្រាកក្នុងថ្ងៃបុណ្យជាតិ។ ភ្ញៀវទេសចរគ្រាន់តែទិញសំបុត្រនឹងអាចចូលទស្សនាបានហើយ ដោយភ្ញៀវជាតិត្រឹមតែ៤,០០០រៀល ភ្ញៀវអន្តរជាតិ២០,០០០រៀល និងសិស្ស និស្សិត កុមារគ្រប់សញ្ជាតិ ថ្លៃសំបុត្រត្រឹមតែ២,០០០រៀនប៉ុណ្ណោះ៕