(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទៅពិនិត្យ​ច្រក​​ស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹក​ជញ្ជូន​​ឆ្លង​កាត់​ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នក​វិនិយោគក្នុង​ក្រុង​ប៉ោយ​ប៉ែត ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបជាមួយភាគី​ពាក់​ព័ន្ធ រួមមាន លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអង្គការចៃការបស់ជប៉ុន និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ការចុះមកពិនិត្យនៅច្រកស្ទឹងបត់​និងជួបជជែកជាមួយអាជ្ញាធរពាក់ព័ន្ធនេះ ដើម្បីរិះរកយន្តការមួយចំនួនពន្លឿននីតិវិធី​នា​នា ក្នុងការដឹកជញ្ជូនទំនិញឆ្លងការព្រំដែនស្ទឹងបត់របស់កម្ពុជា និងច្រកបានណង​អៀន រប​ស់ថៃ។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់ភាគីពាក់ព័ន្ធថា ការលើក​កម្ពស់​បរិយាកាស​វិនិយោគ កាត់បន្ថយនីតិវិធីស្មុគស្មាញសម្រាប់ការធ្វើធុរកិច្ច គឺជាកិច្ច​ការ​ ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់​ខ្ពស់ ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា។

«សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងណាស់ក្នុងការដើរទាក់ម៉ូយ ដូច្នេះយើង​គ្រប់គ្នា​ត្រូវតែប្រឹងប្រែងរួមគ្នាជួយរក្សា និងថែទាំម៉ូយទាំងអស់ហ្នឹង តាមរយៈការផ្តល់​ភាព​ងាយស្រួលដល់ការរកស៊ីរបស់គេ»។ នេះជាការគូសបញ្ជាក់ទៅរបស់លោក​ឧបនាយក​រដ្ឋមន្ត្រី ទៅកាន់អាជ្ញាធរពាក់ព័ន្ធ។

បន្ទាប់ពីបានពិនិត្យ និងជួបពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធពាក់ព័ន្ធការដឹកជញ្ជូន​ទំនិញ​ឆ្លងច្រកអន្តរជាតិស្ទឹងបត់ហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តដំណើរចុះពិនិត្យច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនមួយចំនួន ដែលកំពុងដំណើរ ការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប។

ក្រុមហ៊ុនដែលលោកឧបនាយករដ្ឋមន្ត្រី បានចុះទៅពិនិត្យច្រវាក់ផលិតកម្មនេះ រួមមាន៖

១៖ ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគ​ផលិត​សម្ភារៈអេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុង​ទុន​វិនិយោគចំនួន ២០,៦៣ លានដុល្លារអាម៉េរិក មានទីផ្សារនាំចេញទៅកាន់​ប្រទេស​ថៃ, ជប៉ុន, សិង្ហបុរី និងសហរដ្ឋអាម៉េរិក បានបង្កើតការងារចំនួន ៨០៣កន្លែង។

២៖ ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដ​សាល​ស្រោមពូកស្បែករថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ៨,១៥លានដុល្លារអាម៉េរិក មានទីផ្សារនាំចេញទៅកាន់ ប្រទេសថៃ បានបង្កើតការងារចំនួន ២៣៩កន្លែង។

៣៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd. ជាគម្រោងវិនិយោគកម្ម​ន្ដ​សាល​ផ្គុំ និងដំឡើងរថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ប៉ោយប៉ែត ក្នុងទុនវិនិ​យោគ ៧លានដុល្លារអាម៉េរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង។

ក្រៅពីចុះពិនិត្យច្រវ៉ាក់ផលិតកម្មហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជួបស្តាប់នូវបញ្ហានានារបស់អ្នកវិនិយោគកំពុងប្រឈមនាពេលបច្ចុប្បន្ន ហើយ​សន្យាលើកយកបញ្ហានោះដាក់ជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនពួកគេ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញគោលនយោបាយពាក់​ព័ន្ធ​ការ​វិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេស​រវាងកម្ពុជា-ជប៉ុន និងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ថៃជាដើម៕