(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) រួមនឹងដៃគូសហការរៀបចំកម្មវិធីតាំងពិព័រណ៍ «ភ្នំក្រវាញជារៀងរហូត» ក្រោមកិច្ចសហការជាមួយ Murals for Cambodia (MFC) ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅកន្លែងវិចិត្រសាលសិល្បៈ FT និង AIR (Sra Art) Gallery ដោយមានដាក់តាំងបង្ហាញរូបថតទេសភាពស្រស់ ស្អាតនៃតំបន់ជួរភ្នំក្រវាញ ជីវៈចម្រុះ និងការការពាររបស់ប្រជាជនរស់នៅជុំវិញតំបន់នោះ ដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើ ចុងក្រោយឱ្យគង់វង្សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវត្តមានតែនៅកម្ពុជា គឺជួរភ្នំក្រវាញ។

តាមរយៈការចូលទស្សនាការតាំងពិព័រណ៍ភ្នំក្រវាញ ក្រោមប្រធានបទ «ភ្នំក្រវាញជារៀងរហូត» នេះ, កញ្ញា ធន់ សុភ័ក្រ ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ ជំនាន់ទី១៥ បានបង្ហាញការយល់ឃើញថា ការរៀបចំតាំងពិព័រណ៍រូបភាពដែលផ្តិតយកពីតំបន់ជួរភ្នំក្រវាញ វាអាចបំផុសស្មារតី គំនិតដល់និស្សិត យុវជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ កាន់បានស្គាល់ និងយល់ច្បាស់អំពីអត្ថប្រយោជន៍សត្វព្រៃ ព្រៃឈើដែលមាននៅក្នុងប្រទេសកម្ពុជា។

និស្សិតរូបនេះបានលើកឡើងថា តាមរយៈការសង្កេតមើលនៅលើបណ្តាញសង្គម និងព័ត៌មានផ្សេងៗឃើញថាប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងបានចូលរួមការពារសត្វព្រៃ ព្រៃឈើ និងឈើឆ្អារជាខ្លាំងចំពោះធនធានធម្មជាតិ។ ដោយឡែកសម្រាប់កញ្ញាផ្ទាល់បើទោះបីជាមិនដែលបានទៅដល់តំបន់ជួរភ្នំក្រវាញ តែបានស្គាល់ជួរភ្នំនេះខ្លះៗតាមរយៈការផ្សព្វផ្សាយព័ត៌មាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

កញ្ញា ធន់ សុភ័ក្រ បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំផ្ទាល់ ក្នុងនាមជានិស្សិតពេទ្យសត្វ ខ្ញុំចាប់អារម្មណ៍ទៅលើការការពារសត្វព្រៃ ជាចម្បងហើយបន្ទាប់មកគឺព្រៃឈើ បើទោះបីជាខ្ញុំជាយុវជន មិនមានអ្វីជួយការពារសត្វព្រៃ និងព្រៃបានច្រើន ប៉ុន្តែ យើងអាចជួយផ្សព្វផ្សាយព័ត៌មានដល់ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែខ្លាំងអំពីអត្ថប្រយោជន៍នៃព្រៃឈើ និងសត្វព្រៃក្នុងប្រទេសយើង»

ដោយឡែក កញ្ញា ធន់ សុភ័ក្រ សាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ ជំនាន់ទី១៥ បានថ្លែងថា ក្នុងនាមជាយុវជន មានសេចក្តីរំភើបជាខ្លាំង ដែលបានចូលរួមទស្សនាការតាំងពិព័រណ៍រូបគំនូរពីទេសភាព និងសត្វព្រៃ នៅតំបន់ជួរភ្នំក្រវាញ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមានសង្ឃឹមថានឹងមានកម្មវិធីនេះជាបន្តបន្ទាប់ទៀត ដើម្បីឱ្យយុវជនខ្មែរបានយល់ដឹងឱ្យកាន់តែច្បាស់ពីវត្តមានសត្វព្រៃ និងសក្តានុពលជាក់ស្តែងនៅតំបន់ជួរភ្នំក្រវាញ របស់កម្ពុជា។

កញ្ញា ធន់ សុភ័ក្រ បានលើកឡើងថា ឆ្លងតាមរយៈការចូលមកទស្សនានៅទីនេះ មានរូបភាពសត្វខ្លះស្ទើរថាមិនមានវត្តមាននៅក្នុងព្រៃរបស់កម្ពុជា។ ប៉ុន្តែ ពេលបានមកទស្សនាទើបដឹងច្បាស់ថាសត្វទាំងនេះកំពុងមានវត្តមាននៅកម្ពុជា។

កញ្ញា ធន់ សុភ័ក្រ បានថ្លែងថា «ក្នុងនាមជាយុវជនមួយរូប ខ្ញុំចង់ឃើញកាន់តែខ្លាំងបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមអភិរក្សសត្វព្រៃជិតនឹងផុតពូជ ខ្ញុំគិតថាបើសិនជាយើងអត់រួមគ្នាអភិរក្សវាអីឡូវនេះទេ តិចទៀតទៅកូនខ្មែរជំនាន់ក្រោយគាត់អត់ដែលបានស្គាល់ទេ បើសិនជាយើងចាប់ផ្តើមអភិរក្សពីអីឡូវអ្នកជំនាន់ក្រោយគាត់នឹងអាចស្គាល់បានទៀត»

កញ្ញាបានបន្ថែមថា ទោះជាយើងមិនបានចូលរួមអ្វីច្រើនលើកិច្ចការងារអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ ប៉ុន្តែ យើងជាចំណែកមួយដ៏សំខាន់ ចូលរួមទាំងអស់គ្នាដើម្បីការពារ ថែរក្សាសត្វព្រៃ ព្រៃឈើ ឱ្យនៅគង់វង្ស តាមរយៈការបំផុសគំនិតឱ្យស្រឡាញ់សត្វព្រៃ និងធនធានធម្មជាតិ ដោយផ្តើមពីមនុស្សម្នាក់ទៅ។

បើតាមលោក ឌឹម កាណាន់ ជាគ្រូបង្រៀន និងជាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងថា សម្រាប់រូបលោកធ្លាប់បានទៅបំពេញទស្សនកិច្ចនៅតំបន់ជួរភ្នំក្រវាញ គឺបានទាក់ចិត្តយ៉ាងខ្លាំងចំពោះសម្រស់ធនធានធម្មជាតិ ជាពិសេសបានផ្តល់ឱកាសដល់រូបលោក ក៏ដូចជាយុវជនបានស្វែងយល់បន្ថែមទៀតពីធនធានធម្មជាតិ ព្រៃឈើ សារៈសំខាន់នៃសត្វព្រៃ ប្រព័ន្ធជីវៈចម្រុះដែលជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាដើម។

លោក ឌឹម កាណាន់ បានបន្តថា ការរៀបចំតាំងកម្មវិធីតាំងពិព័រណ៍ «ភ្នំក្រវាញជារៀងរហូត» នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាការរំលឹកដល់និស្សិត យុវជន និងប្រជាពលរដ្ឋឱ្យពួកគាត់យល់ដឹង ជាពិសេសកុំឱ្យពួកគាត់ភ្លេចពីសារៈសំខាន់នៃជីវៈចម្រុះ ធនធានធម្មជាតិ។

កញ្ញាបណ្ឌិត Suwanna Gauntlett នាយិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) បានបន្តថា ទោះជាយ៉ាងណាក៏ដោយ យើងកំពុងបាត់បង់ព្រៃឈើរបស់យើងដោយសារភ្លើងឆេះ និងការកាប់ឈើ ដូច្នេះឥឡូវនេះជាពេលដែលយើងត្រូវយល់ពីសភាពធ្ងន់ធ្ងរនៃបញ្ហានេះឱ្យបានទាន់ពេលវេលា។ ចូរការពារអ្វីដែលយើងមាន។ ពេលវេលាបានមកដល់ហើយ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានត្រៀម លក្ខណៈរួចរាល់ក្នុងការនាំយកមកវិញនូវវត្តមានសត្វខ្លាធំមក រស់នៅក្នុងព្រៃតំបន់ជួរភ្នំក្រវាញ ហើយពិព័រណ៍នេះជួយផ្សព្វផ្សាយ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ជា ពិសេសអម្បូរសត្វខ្លាធំដែលយើងនឹងស្តារឡើងវិញ អប់រំអ្នកទាំងអស់ គ្នាអំពីសារៈសំខាន់របស់សត្វខ្លាធំនៅ ក្នុងជម្រកព្រៃធម្មជាតិ ដោយគ្មានការបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃ។

លោក FONKi ស្ថាបនិក និងជាប្រធាន FT Gallery បាននិយាយថា៖ «យើងជឿថា ទីក្រុង និងភូមិនានារីកចម្រើននៅពេលដែលទីកន្លែងនោះពោរពេញដោយសិល្បៈ ហើយមានការចូលរួមពីភាគីពាក់ព័ន្ធ និងលំហសកម្មភាពសិល្បៈ។ បេសកកម្មរបស់យើង គឺបង្កើតឱ្យមានលំហំ និងបន្ថែមពណ៌នៃជីវិត ដើម្បីពង្រឹងប្រជាសហគមន៍ និងបណ្ដុះថែរក្សា និងលើកតម្កើងគុណតម្លៃសម្រាប់ទីផ្សារសិល្បៈខ្មែរ»

ភ្នំក្រវាញ ត្រូវបានចាត់ទុក ជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និងប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ ប្រភេទមានដូចជា៖ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត ខណៈបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប។

គម្របព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ដែលជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃរបោះដែលអំណោយផលដល់ពពួកប្រភេទសត្វកម្រ សម្រាប់ផ្ដល់តម្លៃដល់ការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និងវិស័យទេសចរណ៍ធម្មជាតិ។

ជួរភ្នំក្រវាញក៏ជាតំបន់សំខាន់បំផុតនៃជីវៈចម្រុះ ជាពិសេសជាច្រករបៀងដំរី ដែលនៅសេសសល់ចុងក្រោយនៅទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន៥២ប្រភេទ ដែលកំពុងរងការគំរាមកំហែង ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN៕