(រដ្ឋធានីញូវដេលី-ឥណ្ឌា)៖ សមាគមឧកញ៉ាកម្ពុជា (COA) និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) បានសម្រេចចាប់ផ្តើមជាផ្លូវការ នូវក្រុមប្រឹក្សាធុរកិច្ចរួមគ្នារវាងឥណ្ឌា-កម្ពុជា ឬ the India-Cambodia Joint Business Council (ICJBC) តាមរយៈពិធីសម្ពោធនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ព្រមទាំងកិច្ចសម្របសម្រួលនៃនាយកដ្ឋានជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងប្រទេស (DPIIT)។

ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសឥណ្ឌា-កម្ពុជា តាមរយៈកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា (ICJBC) មានគោលបំណងបង្កើតឡើង នូវយន្តការពិគ្រោះយោល់ទ្វេភាគី ដើម្បីឱ្យបណ្តាធុរជនដ៏មានសក្តានុពលនៃប្រទេសទាំងពីរ អាចជជែកពិភាក្សាព្រមទាំងស្នើ នូវដំណោះស្រាយផ្សេងៗ ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យនានារួមទាំងការលើកកម្ពស់ និងការសម្របសម្រួលពាណិជ្ជកម្ម ក៏ដូចជាការផ្គូផ្គងដៃគូក្នុងវិស័យឧស្សាហកម្ម នវានុវត្តន៍ និងសហគ្រិនភាព ព្រមទាំងកិច្ចសម្របសម្រួល លើបម្លាស់ប្តូរបច្ចេកវិទ្យារវាងភាគីទាំងពីរ ជាពិសេសផ្តោតទៅលើវិស័យអាទិភាពរួមមាន៖ កសិកម្ម, ផលិតកម្មកែច្នៃម្ហូបអាហារ, សុខាភិបាល, ឱសថ, សំណង់និងហេដ្ឋារចនាសម្ព័ន្ធ, ព័ត៌មានវិទ្យា, វិស័យអប់រំ, ទេសចរណ៍, ឧស្សាហកម្មយានយន្ត និងវិស័យពាក់ព័ន្ធជាច្រើនទៀត។

សូមជម្រាបផងដែរថា ក្រុមប្រឹក្សាធុរកិច្ចរួមគ្នានេះ មាននាយកដ្ឋានជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងប្រទេស (DPIIT) ជាលេខាធិការដ្ឋានសម្រាប់ភាគីឥណ្ឌា ចំណែកសមាគមឧកញ៉ាកម្ពុជា (COA) នឹងបំពេញតួនាទីជាលេខាធិការដ្ឋានសម្រាប់ភាគីកម្ពុជា។

ចំពោះកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា បានធ្វើឡើងនៅរដ្ឋធានីញូវដេលី ក្រោមការរៀបចំដោយ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ខណៈដែលប្រតិភូកម្ពុជាដឹកនាំដោយ លោក ទិត រិទ្ធីពល អនុរដ្ឋលេខា
ធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយធុរជនដែលជាថ្នាក់ដឹកនាំកំពូលៗនៃវិស័យឯកជននៅក្នុងប្រទេសកម្ពុជា។
សម្រាប់ប្រតិភូឥណ្ឌាដឹកនាំដោយ លោក Rajesh Kumar Singh លេខាធិការនៃនាយកដ្ឋានជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងប្រទេស (DPIIT) និងជាតំណាងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា។

នៅក្នុងពិធីសម្ពោធជាផ្លូវការនេះ ក៏មានការផ្គូផ្គងពាណិជ្ជកម្ម រវាងភាគីទាំងពីរដោយរួមមានក្រុមធុរជនរបស់កម្ពុជា ជាមួយនឹងក្រុមពាណិជ្ជកររបស់ឥណ្ឌា ដែលសុទ្ធតែជាក្រុមហ៊ុនធំៗ ដែលកំពុងវិនិយោគលើវិស័យសំខាន់ៗដូចជា៖ ការអភិវឌ្ឍន៍ជំនាញ, ការរុករក និងជីកយករ៉ែ, សុខាភិបាល, ផលិតកម្មកែច្នៃម្ហូបអាហារ, វិស័យសំណង់, ការស្រាវជ្រាវអប់រំ និងអចលនទ្រព្យជាដើម។

នៅក្នុងពិធីនេះដែរ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា និងសមាគមឧកញ៉ាកម្ពុជា នឹងចុះហត្ថលេខារួមគ្នា លើឯកសារយោងសំខាន់ៗ ដើម្បីបង្កើតនូវយន្តការនៃកិច្ចប្រជុំប្រជុំឆ្នាំ របស់ក្រុមប្រឹក្សាធុរកិច្ចរួមនេះ ដោយនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ឬនៅក្នុងប្រទេសកម្ពុជា ពោលគឺអាស្រ័យលើការសម្រេចរវាងភាគីទាំងពីរ។ សូមបញ្ជាក់ថា ចំនុចសំខាន់ៗរបស់ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា រួមមានដូចជា៖
* ក្រុមប្រឹក្សានេះនឹងដឹកនាំរួមគ្នា ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃវិស័យឧស្សាហកម្មនៃប្រទេសនីមួយៗ
* ការបញ្ចូលនូវសមាជិកមកពីពហុវិស័យ ដែលតំណាងឱ្យក្រុមហ៊ុនឯកជនដែលមានចំណាប់អាម្មណ៍លើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា និងកម្ពុជា
* យន្តការផ្លាស់ប្តូរជាប្រចាំនូវព័ត៌មាន និងបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម, ការវិនិយោគ និងនិន្នាការទីផ្សាររបស់ប្រទេសទាំងពីរ
* ការផ្តល់អនុសាសន៍ជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីកែលម្អបរិយាកាសធុរកិច្ច វិនិយោគនិងការបំពេញអាជីវកម្មនានា។

លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានឃើញនូវការបង្កើតជាផ្លូវការ ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា (ICJBC) ដែលនឹងផ្តល់នូវឱកាសដល់វិស័យឯកជន រវាងប្រទេសទាំងពីរ បានចូលរួមពេញសិទ្ធិ និងជាផ្លូវការកម្រិតខ្ពស់បំផុតមួយ ព្រោះថាការចូលរួមជាមួយគ្នាទៅវិញទៅមក រវាងវិស័យឯកជនដែលមានការគាំទ្រពេញទំហឹង ពីរដ្ឋាភិបាលបែបនេះប្រាកដជានឹងជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា និងកម្ពុជាកាន់តែខ្លាំងក្លាថែមទៀត ព្រមទាំងពង្រឹងភាពជាដៃគូទ្វេភាគី កាន់តែរឹងមាំទ្វេដង។ ខ្ញុំសូមជូនពរគ្រប់ភាគីទាំងអស់ ទទួលបាននូវភាពជោគជ័យ ក្នុងកិច្ចសហប្រតិបត្តិការនេះ»។

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា «ពិធីសម្ពោធជាផ្លូវការក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជានេះ គឺជាបោះជំហានចូលទៅកាន់ទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ នេះជាគឺជាវេទិកាមួយ ដែលនឹងអនុញ្ញតឱ្យយើងកំណត់បាននូវបញ្ហាប្រឈម និងការប្រកួតប្រជែងនានា ដើម្បីបង្កើតនូវកាលានុវត្តភាពថ្មីៗ សម្រាប់បំពេញផលប្រយោជន៍សេដ្ឋកិច្ចជាតិ ទៅវិញទៅមក»។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា «ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា បានបោះជំហានយ៉ាងលឿនបំផុត ហើយភាពជោគជ័យនៃកិច្ចប្រជុំ ក៏ដូចជាពិធីសម្ពោធនេះ បានផ្តល់ឱ្យខ្ញុំនូវសុទិដ្ឋិនិយមខ្ពស់។ ការពិភាក្សាដោយបើកចំហរ និងប្រកបដោយផ្លែផ្កា ដែលភាគីទាំងពីរបានធ្វើនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នារវាងធុរជនកម្ពុជា និងឥណ្ឌាដើម្បីបង្កើតនូវកាលានុវត្តភាពកម្រិតខ្ពស់បំផុត នៃកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពនៃវិស័យឯកជន របស់ប្រទេសទាំងពីរ។ ខ្ញុំមានទំនុកចិត្តថា ក្រុមប្រឹក្សានេះនឹងក្លាយជាយន្តការមួយ ប្រកបដោយអានុភាព ដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ តាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការសម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ប្រកបដោយអត្ថប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ»។

សូមបញ្ជាក់ថា ការបង្កើតជាផ្លូវការនៃក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជានេះ នឹងទាក់ទាញបណ្តាធុរជ ននៅក្នុងប្រទេសទាំងពីរកាន់តែខ្លាំង ដើម្បីចូលរួមក្នុងការត្រួសត្រាយអនាគតដ៏ត្រះត្រចង់ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឥណ្ឌា និងកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និងវិបុលភាពរួមគ្នានៃប្រជាជាតិទាំងពីរ៕