(ព្រះសីហនុ)៖ ម្ចាស់ទីតាំង ធ្វីនផាមរីសត កញ្ញា តាំង វិជ្ជនី នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានសម្តែងនូវអាម្មណ៍ត្រេកអរ និងរំភើបជាខ្លាំងក្រោយទទួលបានចំណាត់ការចុះត្រួតពិនិត្យពីក្រុមការងារទីចាត់ការអន្តរវិស័យខេត្តព្រះសីហនុ ក្រោយដាក់ពាក្យបណ្តឹងពាក់ព័ន្ធទៅនឹងបន្ទប់រីសតមួយចំនួនបានបាក់ស្រុត ដោយសារការបុកគ្រឹះរបស់ការដ្ឋានសំណង់នៅជាប់នឹងដីឡូតិ៍រីសតកាលពីចុងឆ្នាំ២០២៣កន្លងទៅ មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

កញ្ញា តាំង វិជ្ជនី បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោក លី ចិត្តនិយម តំណាងរដ្ឋបាលខេត្តដឹកនាំក្រុមការងារ និងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញនេះ។

កញ្ញាវិជ្ជនីបានបន្តថា ក្រុមការងាររដ្ឋបាលខេត្តបានធ្វើការយ៉ាងយកចិត្តដាក់បំផុត ក្នុងកិច្ចការសម្របសម្រួលពន្យល់ណែនាំដល់គូភាគីសាងសង់ រហូតឈានដល់គូភាគីបានឯកភាពគ្នាដោយមិនមានការបង្ខិតបង្ខំណាមួយឡើយ។

កញ្ញា តាំង វិជ្ជនី សូមថ្លែងអំណគុណយ៉ាងជ្រាវជ្រៅដល់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ រួមទាំងក្រុមការងារដែលបានចុះត្រួតពិនិត្យ និងជួយសម្របសម្រួលពីបញ្ហាមួយនេះ រហូតមានការព្រមព្រៀងគ្នាបញ្ចប់រឿង ហើយសូមជូនពរអភិបាលខេត្ត ព្រមទាំងក្រុមការងារជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អបរិបូណ៌៕